មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺធ្វើការអប់រំផ្សព្វផ្សាយនិងជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគចំណីអាហារក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ –លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឱ្យAKPដឹងនៅថ្ងៃអង្គារ ៨រោច ​ខែភទ្របទ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ថា បច្ចុប្បន្នលោកបានបញ្ចូនមន្ត្រីជំនាញខាងរោគរាតត្បាតឱ្យចុះដល់មូលដ្ឋាន ដើម្បីជំរុញឱ្យមណ្ឌលសុខភាព ពេទ្យភូមិបង្កើនការអប់រំ ផ្សព្វផ្សាយ ទាក់ទិននឹងចំ​ណីអាហារនៅតាមវត្តអារាម និងឃុំសង្កាត់នានា បានយល់ដឹងនិងអប់រំបន្តដល់ប្រជាពលរដ្ឋ ដើម្បីការពារកុំ ឱ្យឆ្លងជំងឺផ្សេងៗ​នៅរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ព្រោះថា ការផ្តល់សេវាអប់រំដល់ប្រជាពល រដ្ឋតែមួយមុខវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

លោក វេជ្ជបណ្ឌិតបានបន្តថា ការជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នលើចំណីអាហាររបៀបនេះ ដោយសារតែរដូវភ្ជុំបិណ្ឌកន្លងមកមានប្រជាពលរដ្ឋនិងព្រះសង្ឃមួយចំនួនបានធ្លាក់ខ្លួនឈឺ និងពុលចំណីអាហារមិនមានអនាម័យនិងមានខ្លះទៀតឈានដល់ស្លាប់បាត់បង់ជីវិត ដោយសារការបរិភោគស្រាស ស្រាថ្នាំ ដែលផ្សំខុសបេច្ចកទេស។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ត្រូវប្រកាន់ភ្ជាប់នូវវិធានការអនាម័យ ៣ប្រការរបស់ក្រសួងសុខាភិបាលគឺ ហូបស្អាត​ ផឹកស្អាត និងរស់នៅស្អាត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីការពារសុខភាពឱ្យចៀសផុតពីការឆ្លងជំងឺផ្សេងៗ ដូចជាជំងឺរាករូសជាដើម។ ជាមួយគ្នានេះលោកតា​ លោកយាយ នៅតាមវត្តអារាមនានា ត្រូវលាងចាន ឆ្នាំងឱ្យបានស្អាត និងមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ ជាពិសេសកុំបរិភោគទឹកសម្លដោយប្រើស្លាបព្រារួមគ្នា ដែលអាចបណ្តាល ឱ្យឆ្លងជំងឺពីគ្នាបាន។ ក្រៅពីចំណីអាហារប្រជាពលរដ្ឋក៏គួរតែប្រុងប្រយ័ត្នចំពោះការទទួល ទានគ្រឿងស្រវឹងផងដែរ ព្រោះវាអាចធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាព ឬអាចឈានទៅដល់បាត់បង់ជីវិតបាន៕

ដោយ លឹម សាន្ត