អ៊ីរ៉ង់វាយប្រហារគ្រាប់មីស៊ីលលើក្រុមសកម្មប្រយុទ្ធនៅស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០២.១០.១៨)

ស៊ីរី៖ កាលពីថ្ងៃចន្ទអ៊ីរ៉ង់បាននិយាយថាខ្លួនបានបាញ់គ្រាប់មីស៊ីលទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមហៅ​កាត់ថាអាយស៊ីសក្នុងប្រទេសស៊ីរីដោយសារក្រុមអាយស៊ីសបានវាយប្រហារ ក្បួនដង្ហែរយោធាមួយរបស់អ៊ីរ៉ង់កាលថ្ងៃទី ២២ខែកញ្ញាកន្លងមក។

ក្រុងតេ​អេរ៉ង់បានចោទប្រកាន់ប្រទេសស៊ីរីដែលគាំទ្រដោយសហរដ្ឋអាម៉េរិក
ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារក្បួនដង្ហែរយោធាមួយនៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឲ្យ​មនុស្ស ២៥នាក់ បាត់បង់ជីវិត ក្នុងនោះ​ជិតពាក់កណ្តាលគឺជា កងកម្លាំងឆ្មំាបដិវត្តន៍។

ឆ្មំាបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ថាការវាយប្រហារដោយគ្រាប់មីស៊ីលកាលពីថ្ងៃចន្ទបានកំណត់គោលដៅមូលដ្ឋានរបស់ក្រុមភេរវករដែលគាំទ្រដោយវ៉ាស៊ីនតោននិងមហាអំណាចក្នុងតំបន់នៅភាគខាងកើតប្រទេសស៊ីរីដោយបានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធមួយចំនួននិងបានបំផ្លាញ​ស្បៀងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។

មេដឹកនាំជាន់ខ្ពស់នៅក្នុងប្រទេសអ៊ីរ៉ង់បាននិយាយថាពួកសកម្មប្រយុទ្ធដែលទទួលខុសត្រូវចំពោះការវាយប្រហារថ្ងៃទី​ ២២ ខែកញ្ញា ត្រូវបានផ្គត់ផ្គង់ដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងអារ៉ាប់អេមីរ៉ាត
ហើយអ៊ីរ៉ង់នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលនៅពីក្រោយការវាយប្រហារនេះ។