គ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ីបន្សល់ទុកសាកសពគ្មានអត្តសញ្ញាណជាច្រើន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០២.១០.១៨)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃចន្ទប៉ូលីសត្រួតពិនិត្យតាមឆ្នេរសមុទ្រក្នុងទីក្រុងប៉ាលូ(Palu)
ប្រទេសឥណ្ឌូណេស៊ីដែលជាទីក្រុងមួយមានប្រជាជនប្រហែលជាង ៣៨០.០០០
នាក់បានរាយការណ៍ថាខណៈដែលអ្នកស្រុកកំពុងភៀសខ្លួនចេញពីតំបន់នោះ
មានសាកសពរាប់សិបនាក់មិនអាចកំណត់អត្តសញ្ញាណបាននៅក្នុងមន្ទីរពេទ្យរយៈពេលបីថ្ងៃមកហើយ
បន្ទាប់ពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុងនោះ ។

​​ការរញ្ជួយដីមានកម្លំាង ៧,៥ រិចទ័រកាលពីថ្ងៃសុក្របានបង្កឱ្យមានរលកស៊ូណាមិ កំពស់ ៦
ម៉ែត្រដែលធ្វើឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់ចំនួន ៨៤៤ នាក់​​​ ប៉ុន្តែចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត​
ដោយសារអ្នកសង្គ្រោះមិនអាចចូលទៅដល់ភូមិដាច់ស្រយាលដែលត្រូវបានកាត់ផ្តាច់ចាប់តាំងពីកើតមានគ្រោះមហន្តរាយមក។

ក្រុងប៉ាលូហាក់មានសភាពចលាចលដោយសារតែអ្នកដែលរស់រានមានជីវិតកំពុងខ្វះចំណីអាហារ ទឹក និងប្រេង។
ក្មេងៗបានប្រមូលផ្តុំគ្នាតាមផ្លូវថ្នល់ដោយលើកដៃសុំជំនួយពីរថយន្តដែលកំពុងជម្លៀសខ្លួនចេញពីទីក្រុងនោះ ។