សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមប្រឹក្សាប្រតិភូធុរកិច្ចអាស៊ាន- អាម៉េរិក ពិនិត្យការវិនិយោគទៅលើការកែច្នៃផលិតផលកសិកម្មកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​ក្រុម​ប្រឹក្សាប្រតិភូធុរកិច្ចអាស៊ាន-អាម៉េរិក ពិនិត្យការវិនិយោគទៅលើការកែច្នៃផលិតផលកសិ​កម្ម​នៅ​កម្ពុជា ឱ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ឬក៏ផលិតផលសម្រេចដែលអាច​ប​ម្រើ​​ទៅដល់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកផងនោះ។


ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័​ត៌មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Michael Walter Michalak នាយកគ្រប់គ្រងតំបន់ និងក្រុម​ប្រឹ​ក្សា​ធុរ​កិច្ចអាស៊ាន-អាម៉េរិក និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃ​អង្គា​រ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅវិ​មាន​​សន្តិភាព។

ឯកឧត្ដម Michael Walter Michalak បានសម្តែងនូវក្តីសប្បាយរីករាយ​ដែល​បាន​ជួបពិភាក្សាការងារ ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនេះ និងបានជម្រាប​ជូន​ស​ម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយទំនា​ក់​ទំនងរយៈពេលវែងខាងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា។ ឯកឧត្ដម Michael បានបញ្ជាក់​ថា ការបំ​​ពេញភារកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រ​យោ​ជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាម៉េរិក ក៏ដូចជាការអភិវឌ្ឍ​រប​ស់​កម្ពុ​ជាផងដែរ។


ឯកឧត្ដម Michael ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា កិច្ចពិភាក្សា​នេះ​ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធន​ធានម​នុ​ស្ស​ វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកអគ្គរដ្ឋទូតសហ​រដ្ឋ​អាមេរិកប្រចាំកម្ពុជា ដែលបានចូលរួមក្នុងជំនួបនេះដែរ លោក William A. Heidt បានគោរ​ព​ជម្រា​បជូន សម្តេចតេជោថា នៅពេលនេះ គឺមានក្រុមហ៊ុនកសិកម្មសហរដ្ឋអាមេរិក​ប្រមាណ​៦​​ទៅ១០ក្រុមហ៊ុន ដែលបានមក និងកំពុងពិភាក្សាស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិ​បត្តិ​ការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និង​ជ​ម្រាបជូនប្រតិភូទាំងអស់ថា បញ្ហាកសិកម្ម គឺជាបញ្ហាគន្លឹះ ដែលមិនអាចមើលរំលងបាន។ ស​ម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែល​បណ្តា​លឱ្យមានទឹកជំនន់ និងមានភ្លៀងខុសរដូវ និងបង្កើតជាបញ្ហាមិនត្រឹមតែនៅកម្ពុជាទេ គឺ​នៅ​ទូទាំងតំបន់ និងពិភពលោកទាំងមូលតែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ពូជស្រូវ ពូជដំណាំ ដែលធ្លាប់តែត្រូវនឹងកំដៅ ដែលធ្លាប់មានកន្លងមក នៅពេលនេះគឺ​ត្រូវចាំបាច់ពិនិត្យ​ឡើ​ងវិញ ដោយសារការកើន ឡើងនៃកំដៅ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្នុង​ន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សហរដ្ឋអាមេរិក ពិតជាមានប​ច្ចេ​ក​ទេស និងសូមឱ្យអ្នកវិនិយោគ ពិនិត្យពិចារណាយកបច្ចេកទេសទាំងនេះ មកប្រើប្រាស់នៅ​កម្ពុ​ជា ក៏ដូចជានៅក្នុងតំបន់ផងដែរ។ លើសពីនោះទៅទៀត សម្តេចតេជោក៏បានស្នើសុំឱ្យ​ក្រុ​ម​ហ៊ុនពិនិត្យមើលទៅលើ ការវិនិយោគទៅលើការកែច្នៃ ផលិតផលកសិកម្មកម្ពុជា ឱ្យទៅជា​ផ​លិ​តផលពាក់កណ្តាលសម្រេច ឬក៏ផលិតផលសម្រេចដែលអាចបម្រើទៅដល់ទីផ្សារ ទាំងក្នុង​ស្រុ​ក​ផង និងក្រៅស្រុកផង។

ជាមួយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តោតសេច​ក្តី​ស​ង្ឃឹ​​មថា សហរដ្ឋអាមេរិក នឹងចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ពាក់​ព័ន្ធ​នឹងបញ្ហា វិនិយោគដទៃទៀត ដូចជាបញ្ហាសេដ្ឋកិច្ច ថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការ​អភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ជាដើមសម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំ​ឱ្យប្រ​តិ​ភូទាំង​អស់ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ ហើយក្នុងករណី​មិន​អា​​ច​ដោះស្រាយបាន សូមលើកបញ្ហាទាំងនោះ មកជូនសម្តេចផងដែរ៕

ដោយ ជឹម ណារី