ម៉ុងហ្គោលីបញ្ជូនបុគ្គលិកយោធាក្រុមទី៨របស់ខ្លួនទៅអាហ្វហ្កានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — ពួកអាជ្ញាធរបាននិយាយពីថ្ងៃចន្ទថា ប្រទេសម៉ុងហ្គោលីនឹងបញ្ជូនបុគ្គលិកយោធាក្រុមទី៨របស់ខ្លួនទៅកាន់ប្រទេសអាហ្វហ្កានីស្ថានក្នុងបេសកកម្មមួយដឹកនាំដោយណាតូ ។

លោក Enkhjargal Batjargal កាពីតែននឹងជានាយទាហានទំនាក់ទំនងសាធារណៈ នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធម៉ុងហ្គោលីបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ក្រុមនេះដែលមានសមាជិក១១៣នាក់ នឹងចេញដំណើរពីអ៊ូឡានបាទ័រ រដ្ឋធានីម៉ុងហ្គោលី នៅថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមនៅក្នុង បេសកកម្មគាំទ្រដែលបានតាំងចិត្តយ៉ាងមាំ ( RSM )ដឹកនាំដោយណាតូ ។

លោកបាននិយាយថា ក្រុមនេះនឹងបោះទីតាំងនៅក្បែររដ្ឋធានីកាប៊ុល របស់អាហ្វហ្កានីស្ថានហើយ នឹងផ្តោតទៅលើការណែនាំ,គាំទ្រ និងបណ្តុះបណ្តាលដល់កងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ។ RSM គឺជាបេសកកម្មមួយ ដែលដឹកនាំដោយណាតូ ដែលបានបើកធ្វើក្នុងខែមករា ឆ្នាំ ២០១៥ ។
តាមកាពីតែននោះឱ្យដឹងថា បុគ្គលិកយោធាម៉ុងហ្គោលីសរុបទាំងអស់ជាង៤.៥០០នាក់ បានចូលរួមនៅក្នុងបេសកកម្ម ដែលដឹកនាំដោយណាតូ ក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពីឆ្នាំ ២០០៣មក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)