ឥណ្ឌូណេស៊ីស្វាគមន៍ជំនួយបរទេសសម្រាប់ការរញ្ជួយដីនិងស៊ូណាមី, ចំនួនស្លាប់ឡើងហួសពី១.២០០នាក់

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — មន្តី្រមួយរូបបាននិយាយពីថ្ងៃចន្ទថា រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបាននឹងកំពុងរកាំចិត្តមាននូវ មហន្តរាយនោះបានស្វាគមន៍ដល់ជំនួយសង្គ្រោះបរទេស ។

រដ្ឋមន្ត្រីសន្តិសុខ ឥណ្ឌូណេស៊ី លោក វីរ៉ាន់តូ ( Wiranto ) ត្រូវបានអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ លោក ស៊ូតូប៉ូ ពួរវ៉ូនូហ្គ្រោហូ ដកស្រង់សម្តីដែលនិយាយថា រដ្ឋាភិបាលបានទទួលយកជំនួយដែលត្រូវការបំផុតដោយពួកអ្នកនៅរស់រានមានជីវិតដែលរួមមាន តង់,សេវាទឹកស្អាត, ម៉ាស៊ីនភ្លើង និងការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ ។ របស់របរដែលហួសពីប្រភេទទាំងនេះ នៅតែបើកចំហក្នុងការទទួលយកដដែល ។

តាមអ្នកនាំពាក្យនោះឱ្យដឹងថា ចិន, ស.រ.អា ,សហភាពអឺរ៉ុប , អូស្រ្តាលី,កូរ៉េខាងត្បូង, ស្វីស , សិង្ហបុរី, ម៉ារ៉ុក ,​តួកគី និង ហ្វីលីពីន បានផ្តល់ជំនួយដល់រដ្ឋាភិបាល ឥណ្ឌូណេស៊ី។ ដោយនិយាយយោងទៅរកប្រធានាធិបតី លោក ហ្សូកូ វីដូដូ ( Joko widodo ) និងរដ្ឋមន្ត្រីការបរទេសលោកស្រី រ៉េតណូ ម៉ារស៊ូឌី ( Retno Marsudi ) នោះ លោក ស៊ូតូប៉ូ បាននិយាយាថា កាលពីយប់ថ្ងៃអាទិត្យ លោកប្រធានាធិបតីបានប្រាប់រដ្ឋមន្ត្រីការបរទេសថា ប្រទេសឥណ្ឌូណេស៊ីគួរទទួលយក ( ជំនួយបរទេស ) ផ្អែកទៅលើរបស់ដែលត្រូវការជាចាំបាច់ ។

គិតមកដល់ថ្ងៃចន្ទចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយជាបន្តបន្ទាប់នេះ បានឡើងដល់១.២០៣ នាក់ហើយ ។ គេព្រួយបារម្ភថា ចំនួននេះនឹងឡើងខ្ពស់ជាងនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)