មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះសួរសុខទុក្ខកងទ័ពការពារព្រំដែនក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

AKP តាកែវ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ –កាលពីព្រឹកថ្ងៃចន្ទ​ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា​​ ឆ្នាំ២០១៨ នៅទីបញ្ជាការកងវរសេនាតូចលេខ១ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ មានរៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខដល់កងទ័ពការពារព្រំដែន​ ក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ក្រោមអធិបតីភាពឯកឧត្តម ណៅ ធរដ្ឋលេខាធិ ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយប្រតិភូអមដំណើរមកពីភ្នំពេញ និងមកពីទីរួមខេត្តតាកែវ។

ឯកឧត្តម ណៅ ធួក បានមានប្រសាសន៍សំណេះសំណាលទៅកាន់កងទ័ព ពីមោទនភាពជាតិថ្មីៗដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំមហា  សន្និបាតលើកទី៧៣ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយក្នុងនោះកម្ពុជាយើងមានតួនាទីជាអនុប្រធានដឹកនាំអង្គប្រជុំ។

ឯកឧត្តម រដ្ឋលេខាធិការ ណៅ ធួក មានប្រសាសន៍បន្តថា ក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ និងក្រោយការប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាលរួចមក មានក្រុមប្រឆាំងខ្លះបានធ្វើការផ្សព្វផ្សាយព័ត៌មាន ថា អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានគេដក និងមិនអនុញ្ញាតិឱ្យគណៈប្រតិភូកម្ពុជាចូលរួមប្រជុំជាដើម ។ ក៏ប៉ុន្តែផ្ទុយទៅវិគ្មានអ្នកណាមានសិទ្ធិដកអាសនៈរបស់ប្រទេសកម្ពុជាដែលជាប្រទេសអធិបតេយ្យមួយនៅអង្គការសហប្រជាជាតិនោះទេ​ ​ហើយជាពិសេសទៅទៀតនោះ កម្ពុជាមានតួនាទីជាអនុប្រធាននៃកិច្ចប្រជុំនេះទៀតផង។

ឯកឧត្តម ណៅ ធួក មានប្រសាសន៍បន្តទៀតថា កម្ពុជាមានមុខមាត់ស្មើនឹងប្រទេសនានាលើឆាកអន្តរជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួបប្រជុំជាមួយមេដឹកនាំប្រទេសមួយចំនួន រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិថែមទៀតផង​។ អ្វីដែលជាទី មោទនៈនោះគឺបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក រាប់ពាន់នាក់បាននាំគ្នាមកទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅបំផុត។ នេះបង្ហាញថា បងប្អូនខ្មែរយើងនៅក្រៅប្រទេសបានគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្នដែលបានដឹកនាំ ប្រទេសឱ្យកាន់តែរីកចម្រើនទ្វេឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម ណៅ ធួក មានប្រសាសន៍បន្ថែមថា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏អាស្រ័យដោយមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសពីសំណាក់វីរកងទ័ពយើង ដែលក្រៅពីការការពារបូរណភាពទឹកដី កងទ័ពបានការពាររាជរដ្ឋាភិបាលស្របច្បាប់ និងមិនអនុញ្ញាតឱ្យក្រុមណាមួយធ្វើបដិវត្តន៍ពណ៌ បំផ្លាញភាពសុខសាន្តរបស់ប្រទេសជាតិឡើយ។ ហេតុដូច្នេះហើយយើងទាំងអស់គ្នាតែងតែដឹងគុណដល់វីរភាពរបស់បងប្អូនកងទ័ព និងតែងតែចុះមកសាកសួរសុខទុក្ខដោយនាំមកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនមកផ្តល់ជូនកងទ័ពដែលឈរជើងការពារតាមបណ្តោយព្រំដែន ដែលនេះជាវប្បធម៌​ចែករំលែកដែលសម្តេចតេជោ ហ៊ុន សែន តែងតែមានការលើកទឹកចិត្តពីវប្បធម៌នេះ។

លោកវរសេនីយ៍ត្រី ជួន សំបូរ ​មេបញ្ជាការរងវរសេនាតូចលេខ ១ ការពារព្រំដែនបានសម្តែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខកងទ័ព ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន តាមរយៈការចុះមកសួរសុខទុក្ខ និងយកអំណោយមកចែកជូន។ ក្នុងនាមជាកងទ័ពពួកយើងសូមប្តេជ្ញាចិត្តការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលជារៀងរហូត៕​

ដោយ អ៊ុច  សៀង