សត្វខ្ទីងមេ នៅសួនសត្វភ្នំតាម៉ៅ បង្កើតបានកូន​ឈ្មោល​​ ​១ក្បាល

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ –កាលពីថ្ងៃ​ចន្ទ​ ៧រោច​ ខែ​ភទ្របទ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០១៨ សត្វខ្ទីងមេ១ក្បាល បានបង្កើតកូន​ខ្ទីង​ ឈ្មោល​​ ១ក្បាល​​ នៅ​ក្នុង​ទ្រុង​នៃ​ឧទ្យាន​សួន​សត្វ​ និង ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​។

នេះ​ជា​សញ្ញា​ជោគជ័យ​មួយ​ទៀត​ របស់​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ ​ក្នុង​កម្មវិធី​បង្កាត់​ពូជ​សត្វ​ព្រៃ​។​ កូន​ខ្ទីងឈ្មោល​ ដែល​ទើប​នឹង​កើតនេះ​ កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​បសុពេទ្យ និង​អ្នក​ថែរក្សា​សត្វ​ព្រៃ​​។

សត្វខ្ទីងជាប្រភេទសត្វព្រៃធំមួយប្រភេទដែលមានតម្លៃកាត់ថ្លៃមិនបានហើយអ្វីដែលជាការព្រួយបារម្ភនោះ គឺការរស់នៅក្នុងព្រៃធម្មជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺ ការ រេចរឹលនៃតំបន់ព្រៃភ្នំដែលជាទីជម្រករបស់ពកវា។ មួយវិញទៀត ដោយសារសត្វនេះមានតម្លៃ ពួកព្រានព្រៃតែងតាមប្រមាញ់ដោយប្រើប្រាស់កាំភ្លើង។

សត្វខ្ទីង ជាសត្វមួយប្រភេទដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់ពួកវាមានការថយចុះគួរឱ្យព្រួយបារម្ភ ។ ខ្ទីងនៅក្នុងប្រទេសកម្ពុជាយើង វារស់នៅក្នុងតំបន់មួយចំនួន ដូចជា ភូមិភាគឦសាន ភូមិភាគខាងជើងខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និង ខេត្តកំពង់ស្ពឺ ជាដើម។

បច្ចុប្បន្ន ខ្ទីង​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​សត្វ​​ដោយ​កម្រ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិតទាប។​ គេ​កម្រ​ឃើញ​វា​រស់នៅ​តាម​វាលទំនាប​ណាស់ ​ព្រោះ​សត្វ​នេះ​មិន​ចូល​ចិត្ត​កម្តៅថ្ងៃ​យូរ​ពេក​ទេ។ សត្វ​ខ្ទីងកំពុង​ប្រឈម​មុខ​នឹង​ការ​រងគ្រោះថ្នាក់​ដោយសារ​ការ​បាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការ​ជួញដូរ​។ ខ្ទីង​ប្រភេទ​នេះត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ថា ា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សកល សត្វ​ខ្ទីងស្ថិត​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ៕

ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលព្រៃឈើ)