រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ

AKP កំពង់ធំ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ  

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ប្រតិភូក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលបានមកធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្ត ក្នុងទឹកដីខេត្តកំពង់ធំ។ឯកឧត្ដមបានបញ្ជាក់ថា ពិតណាស់កន្លងមកថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំអនុវត្តន៍នូវតួនាទី ភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការអនុវត្តនូវភារកិច្ចទាំងនេះ មិនអាចល្អឥតខ្ចោះនោះទេ តែងតែមានភាពខ្វះចន្លោះដោយប្រការណាមួយដោយអចេតនា ដោយកំហុសបច្ចេកទេស ឬ ដោយសារកម្រតយល់ដឹងអំពីការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដែលថ្នាក់លើបានដាក់ចុះ។

ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា តាមរយៈការធ្វើអធិការកិច្ចព្រឹកនេះ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញនូវចំណុចខ្លំាងចំណុចខ្សោយ បញ្ហាប្រឈមនានា ដែលយើងបានជួបប្រទះ ហើយដែលក្រុមការងារបានរកឃើញ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់យើងបានកែលម្អឡើងវិញ ដែលជាការរួមចំណែកលើកកម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម រស់ វរុណ មានប្រសាសន៍ថា ការងារអធិការកិច្ច ជាការងារដែលលំបាកស្មុគស្មាញ ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួង ស្ថាប័ន ត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងកិច្ចការបច្ចេកទេសអធិការកិច្ច និងសមត្ថភាពច្បាប់ ព្រមទាំងមានសីលធម៌ស្អាតស្អំ។ ឯកឧត្តមបានបន្តថា កន្លងមកនេះក្រសួងបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរំលោភដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះដែរ ក្រសួងបានអង្កេតស្រាវជ្រាវ នៅតាមក្រសួងស្ថាប័ន អង្គភាពជាតិ និងនៅថ្នាក់ក្រោមជាតិ ដោយបានរកឃើញចំណុចខ្វះខាត និងភាពអសកម្មមួយចំនួន និងបានធ្វើការកែតម្រូវ ដោយបានធ្វើសេចក្តីណែនាំជាលិខិតបទដ្ឋានគតិយុត្តជាច្រើន ជូនដល់បណ្តាក្រសួង ស្ថាប័ន ដែលមានបញ្ហាឱ្យកែលម្អនូវរាល់ចំណុចខ្វះខាតទាំងឡាយ ដូចជា កិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕

ដោយ ស៊ុម វណ្ណា