ក្រុមអ្នកស្រាវជ្រាវ និងអ្នកធ្វើការពាក់ព័ន្ធទៅនឹងផលប៉ះពាល់សុខភាពដោយសារបារី ស្នើឱ្យរាជរដ្ឋាភិបាល មានយន្តការផាកពិន័យដល់ក្រុមហ៊ុនថ្នាំជក់

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ក្រុមមអ្នកស្រាវជ្រាវបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនថ្នាំជក់ទាំងអស់នៅកម្ពុជា បានបន្តផ្តល់​រង្វាន់លើកទឹកចិត្តដល់ប្រជាពលរដ្ឋជាអ្នកលក់បារី ដូចជាផ្តល់ប្រាក់ឧបត្ថម្ភ ផ្តល់សម្ភារប្រើប្រាស់ផ្តល់វត្ថុអនុស្សាវរីយ៍បារី និងការលើកទឹកចិត្តដទៃទៀត ដែលទាំងនេះ បង្ហាញពីចេតនាមិនគ្រាន់តែបំពានលើច្បាប់របស់កម្ពុជានោះទេ ថែមទាំងបានជំរុញការផ្សព្វ​ផ្សាយឱ្យប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់ថ្នាំជក់(បារី)កាន់តែច្រើនថែមទៀត។


លោក កៅ សុវណ្ណតារា អ្នកស្រាវជ្រាវ បានលើកឡើងនៅក្នុងកម្មវិធីបង្ហាញលទ្ធផល ស្រាវជ្រាវស្តីពី“ការលើកទឹកចិត្តរបស់ក្រុមហ៊ុនថ្នាំជក់ ចំពោះការលក់បារី និងផ្សព្វផ្សាយពាណិ​ជ្ជកម្ម “ដែលបានធ្វើនៅ CKCC នាថ្ងៃទី០១ ខែតុលានេះថា អ្នកលក់មួយចំនួនបាន ទទួលពីភ្នាក់ងារក្រុមហ៊ុនថ្នាំជក់ ជាបារីចាប់ពី២កញ្ចប់ រហូតដល់៤០កញ្ចប់ និងអ្នកលក់បារីខ្លះទៀតទទួលប្រាក់ពី ៥ដុល្លារ ដល់៣០ដុល្លារ ជាថ្នូរនឹងការធ្វើឱ្យពួកគាត់ ព្យាយាមជំរុញការលក់បារីឱ្យបានច្រើន ដែលទង្វើបែបនេះលោកថា វាខុសនឹងច្បាប់ស្តីពី ការគ្រប់គ្រងផលិត​ផលថ្នាំជក់ឆ្នាំ២០១៥ ដែលបានចែងថា ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ ការផ្សព្វផ្សាយលក់ និងឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ត្រូវបានហាមឃាត់។ អ្នក​ស្រាវ​ជ្រាវរូបនេះបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនថ្នាំជក់ បានផ្លាស់ប្តូរយុទ្ធសាស្រ្ត បង្វែរថវិកាពីការផ្សាយពាណិជ្ជកម្ម មកជាការផ្តល់រង្វាន់លើកទឹក ចិត្តដល់អ្នកលក់បារីវិញម្តង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវ និងអ្នកធ្វើការពាក់ព័ន្ធ ទៅនិងផលប៉ះពាល់សុខភាព ដោយសារបារី ស្នើឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលមានយន្តការផាកពិន័យ ដល់ក្រុមហ៊ុនតាមការចង្អុលបង្ហាញ របស់ច្បាប់ និងមានវិធានការដ៏មានប្រសិទ្ធភាពបំផុត។


លោក ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា ថ្នាំជក់គឺ ជាផលិតផលតែមួយគត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ ស្លាប់មុនអាយុកំណត់។ ក្នុង១ឆ្នាំៗថ្នាំជក់ធ្វើឱ្យមនុស្ស ៨លាននាក់ស្លាប់នៅលើពិភពលោក និងជិត១ម៉ឺននាក់នៅកម្ពុជា។

លោកវេជ្ជបណ្ឌិត ញ៉ិល ដារាវុធ និងលោកវេជ្ជបណ្ឌិត មំ គង់ បានអះអាងថា រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ បាន និងកំពុងមានចំណាត់ការធ្វើអធិការកិច្ច ចំពោះក្រុមហ៊ុនថ្នាំជក់ ដែលមិនគោរពច្បាប់ ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់នេះ។ ប៉ុន្តែនៅមានចន្លោះប្រហោងដើម្បីផ្សព្វផ្សាយលក់ផលិតផលបារី និងជំរុញការលក់ឱ្យមាន សន្ទុះកាន់តែខ្លាំងក្លា ក្រុមហ៊ុនថ្នាំជក់នៅកម្ពុជា បានផ្តល់រង្វាន់លើកទឹកដល់អ្នកលក់បារី ដូចជាប្រាក់ឧបត្ថម្ភ សម្ភារប្រើប្រាស់វត្ថុអនុស្សាវរីយ៍ និងការលើកទឹកចិត្តដទៃទៀត ដោយរំលោភលើច្បាប់ស្តីពីការគ្រប់គ្រង និងហាមឃាត់ពីការផ្សព្វផ្សាយផលិតផលថ្នាំ ជក់របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការបញ្ជាក់ពីក្រុមអ្នកស្រាវជ្រាវដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានបង្ហាញថា មាន៨៥ភាគរយ នៃអ្នកលក់ បានទទួលវត្ថុប្រើប្រាស់ និងបារី ជាថ្នូរនឹងការផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មបារី និងការតាំងកញ្ចប់បារី ឱ្យមានការទាក់ទាញអតិថិជន៕

ដោយ ប៉ាល់ សុង