អភិបាលរងខេត្តធំ៖ មនុស្សចាស់គឺជាឃ្លាំងនៃវប្បធម៌ និងជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹង

AKP កំពង់ធំ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — នៅសាលាស្រុកកំពង់ស្វាយ បានរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់ ០១តុលា ក្រោមអធិបតីភាពលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំក្រោមប្រធានបទ (សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារនិងសង្គមជាតិ) នាព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី០១ ខែតុលា ឆ្នាំ ២០១៨ ដោយមានការចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការនិងមនុស្ស ចាស់ប្រមាណជិត ៤០០នាក់។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយបានធ្វើរបាយការណ៍ និងលើកឡើងថាជារៀងរាល់ឆ្នាំ នៅថ្ងៃទី០១ ខែតុលា ជាទិវាមនុស្សចាស់អន្តរជាតិ ដែលរាជរដ្ឋាភិបាលយើង បានចូលរួមគាំទ្ររៀបចំទិវានេះ ហើយជាមោទនភាពក្រៃលែង សម្រាប់យើងទាំងអស់គ្នា។ ការរៀបចំពិធីនេះគឺសំដៅលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចាប់អារម្មណ៍អំពីមនុស្សចាស់ក្រោមប្រធានបទ (សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារនិងសង្គមជាតិ) រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់ កម្ពុជាជាទិវាមនុស្សចាស់អន្តរជាតិ ជាទិវារម្លឹកគុណ ឧបការៈរបស់មនុស្សវ័យចំណាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុំ ពូ មីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតក ដ៏ថ្លៃថ្លាសម្រាប់កូន ចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

លោកបន្តថា ប្រទេសកម្ពុជាយើង ធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ជាងពីរទសវត្សរ៍ដែលបន្សល់ទុកនូវផលវិបាកយ៉ាងច្រើនក្នុងសង្គម ក្នុងនោះផលវិបាក មួយចំនួន ធ្លាក់ទៅលើជនចាស់ជរា។ ទន្ទឹមនឹងនោះមានបញ្ហាសង្គម ដូចជា គ្រោះធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ យុវជនគ្មានការងារធ្វើ សុទ្ធសឹងតែធ្វើឱ្យគ្រួសារខ្លះ នៅសល់តែជនចាស់ជរាគ្មានទីពឹង ឬជនចាស់ជរាខ្លះ ត្រូវទទួលបន្ទុក ថែទាំ បីបាច់ចិញ្ចឹមចៅកំព្រា។ ក្នុងន័យនេះហើយរាជរដ្ឋាភិបាល បានផ្ដល់បេសកកម្ម ឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុករៀបចំអនុវត្តគោល នយោបាយ និងផ្ដល់សេវានានា សម្រាប់មនុស្សចាស់។

លោក អ៊ាប ឈុនស៊្រាង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានលើកឡើងថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ត្រូវបានរៀបចំស្របតាមគោលនយោបាយ ជាតិ ស្ដីពីមនុស្សចាស់នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ ការប្រារព្ធទិវានេះ មានគោលបំណង លើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធិភាព សំដៅលើកស្ទួយសុខុមាលភាពរបស់ មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បានបង្ហាញឱ្យឃើញ ពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់ បុព្វការីជន ដែលបានបង្កើត ធនធាន ដ៏មានសារៈប្រយោជន៍ ព្រមទាំងផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ។

លោក ញ៉ឹក បានខេង មានប្រសាសន៍ថា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ ដឹងគុណមនុស្សចាស់ និងលើកកម្ពស់ មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់គ្នា ឱ្យចូលរួមកាន់តែសកម្ម ដើម្បីកូនចៅជំនាន់ក្រោយៗទៀត បានមើលឃើញពីតម្លៃឥតគណនា របស់មនុស្សចាស់ និងបទពិសោធន៍នៃសង្គមនីមួយៗ ហើយបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ប្រពៃណីទំនៀមទម្លាប់ នៃប្រជាជាតិមួយអាចប្រព្រឹត្ត ទៅបានប្រកបដោយ សមធម៌ ទាមទារឱ្យមានការ អភិវឌ្ឍន៍ផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។

លោក ញ៉ឹក បានខេង បានបន្តថា មនុស្សចាស់គឺជាឃ្លាំងនៃវប្បធម៌ ជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹង មនុស្សចាស់គឺជាគំរូដ៏ល្អ ដល់ក្មេងៗជំនាន់ក្រោយ ដែលផ្ដល់ជាបទពិសោធន៍ និងជាធនធានមនុស្ស ក្នុងវិស័យអភិវឌ្ឍប្រទេសជាតិ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់កម្ពុជា ។ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការ ជាតិកម្ពុជាដើម្បីមនុស្សចាស់ ដើម្បីអនុវត្តនូវតួនាទី និងភារកិច្ច ដែលមាន ជាអាទិ៍ រៀបចំ គោលនយោបាយដើម្បីលើកស្ទួយសុខភាពរបស់មនុស្សវ័យចាស់ នឹងរៀបចំទិវាមនុស្សចាស់នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់យកថ្ងៃទី០១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវា មនុស្សចាស់អន្តរជាតិ។

ក្នុងឱកាសនោះដែរ លោក ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ព្រមទាំងគិតគូរ ពីការថែរក្សាសុខភាព ដែលផ្ដោតសំខាន់បីគឺ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។ លោក ញ៉ឹក បានខេង ក៏បានចែកអំណោយ ដល់មនុស្សចាស់ជរាចំនួន ៣០០នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន ខោអាវ ១ កុំប្លេ និងថវិកា ២ ម៉ឺនរៀល៕

ដោយ ស៊ុម វណ្ណា