ក្រុមណាហ្គាវើល លើកពានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ — គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់ កម្ពុជាបានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់ ​និង​មេដាយ​ជូនចំពោះក្រុម​ជើងឯក​ណាហ្គា​វើ​លរួច រាល់​ បន្ទាប់ពីបញ្ចប់ការប្រកួត ខណៈ​ពានរង្វាន់​ជាច្រើន​ដទៃទៀត ក៏ដូចជា​មេដាយ​ជ័យលាភី​ជើងឯក​រង និង​ក្រុម​លេខ​៣ ព្រមទាំង​ពានរង្វាន់​ឯកត្តជន​ជាច្រើន​ទៀត​នឹងធ្វើ​ក្នុង​ពិធី Cambodian Awards Night នាពេល ខាងមុខ។  
ក្រុម​ណាហ្គា​វើ​លបានឈ្នះពាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៨ បន្ទាប់ពី​រកបាន​ពិន្ទុ​ច្រើនជាងគេ​ នៅក្នុងការប្រកួតបញ្ចប់សប្ដាហ៍​ទី​២២ ដែលក្រុមណាហ្គាវើលបានយក​ឈ្នះនៅ​១ប្រកួតចុងក្រោយ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៦ទល់២ នៅពហុកីឡដ្ឋានជាតិ។


ក្រុម​ណាហ្គា​វើ​លបាន​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលយកឈ្នះក្នុង​លទ្ធផល​៦​ទល់​២ នោះគឺធ្វើសម្រេចដោយកីឡាករ Inui Tatsuro បា​នរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​២៦ ខណៈ​កីឡាករ Bisan George បា​នរក​គ្រាប់​បាល់​៤​គ្រាប់​ម្នាក់ឯង ​គឺ​នៅ​នាទី​៤៥+១,៥៨,៦១ និង​៩០ និង​កីឡាករ គួច ដា​នី បា​នរក​គ្រាប់​បាល់​ចុងក្រោយ​នៅ​នាទី​៦៧​ ស្របពេលដែល​២​គ្រាប់​របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រកបាន​ដោយ​កីឡាករ Suzuki Yuta នៅ​នាទី​៦៣​ និង​កីឡាករ Oladipupo Abiodun Michael នៅ​នាទី​៨៦​។
ឆ្លងកាត់២២ប្រកួត ណាហ្គាវើល មាន៥៦ពិន្ទុ ឈ្នះ១៨ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត ហើយ កីឡាករ Bisan George របស់ក្រុមនេះក្លាយម្ចាស់ស្បែកជើងមាសប្រចាំរដូវកាល ក្រោយពីរកបាន២៨គ្រាប់ នាំមុខគូប្រជែងកីឡាករ Privat របស់អាស៊ីអឺរ៉ុប ដែលរកបាន ២៧គ្រាប់។ សូមបញ្ជាក់ថា ៥ប្រកួតផ្សេងទៀតនាសប្តាហ៍ទី២២​ ក៏បញ្ចប់រដូវកាលនេះដែរ គឺ​ក្រុម​ក្រសួងការពារជាតិ យកឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា ដោយ​លទ្ធផល​៩​ទល់​១, ​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​លើ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ​៧​ទល់​៣,​ សូលទីឡូអង្គរ ០ទល់០ ជាមួយអង្គរថាយហ្គឺ ហើយបឹងកេតចាញ់ភ្នំពេញក្រោន ១ទល់២ ខណៈព្រះ ខ័នរាជ ស្វាយរៀង ឈ្នះវិសាខា ៥ទល់៤៕

ដោយ ហេង ណាលីន