រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យធុរកិច្ចថៃ ពិចារណាក្នុងការវិនិយោគនៅតំបន់សេដ្ឋកិច្ច ពិសេសរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញក្រុមប្រឹក្សាធុរកិច្ចថៃ ពិ​ចា​​រណា វិនិយោគលើការបង្កើតសហគ្រាសធុនតូច និងមធ្យម នៅតាមតំបន់សេដ្ឋកិច្ចពិសេ​ស ទូទាំង ប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់តម្លៃវិស័យឧស្សាហកម្ម និងបង្កើតឱ​កា​ស​​​ការងារជូនប្រជាពលរដ្ឋ ជាពិសេសលើកស្ទួយប្រសិទ្ធភាពការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំ​ណាក់​កាលទី៤ របស់រាជរដ្ឋាភិបាល។ការលើកសំណើនេះ ធ្វើឡើងក្នុងខណៈជួបពិភាក្សាការ​ងា​រ​​ជាមួយ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សា ធុរ​កិច្ច​ថៃ ដែលបានដឹកនាំ​គណៈប្រតិភូ ស្វែងរកយន្តការពង្រឹង និងពង្រីកទំនាក់ទំនងពាណិ​ជ្ជ​កម្ម​​​ទ្វេភាគីរវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយពីក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនោះដែរ ឯកឧត្តម ប៉ាន សូរ​ស័​​ក្តិ បានជម្រាបភាគីថៃ អំពីគោលដៅនៃយុទ្ធ សាស្ត្រចតុកោណថ្មី ដែលជារបៀបវារៈសម្រាប់​ការ​អភិវឌ្ឍ​សង្គមសេដ្ឋកិច្ចនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល និងផលិតផលអាទិភាពសំ​ខា​ន់​​ៗ​របស់កម្ពុជា ព្រមទាំងអត្ថប្រយោជន៍ នៃការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា​ការ​​ ផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ ១០០ ភាគរយ និងការទទួលបានភាពអនុគ្រោះពន្ធ ដើម្បីនាំចេញ​ទៅ​​កាន់ប្រទេសទីបី ជាដើម។

ឯកឧត្តមក៏បានសំណូមពរដល់ឯកឧត្តម ចាន់នីត ចាន់ឆៃ​ណា​រ៉ុង ជម្រាបទៅរាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ចថៃ ធ្វើការពន្លឿនការចុះអនុ​ស្សា​រ​ណៈ​លើកលែងពន្ធនៅតាម បន្ទាត់ព្រំដែន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេ​ស​ទាំង​ពីរ ឱ្យសម្រេចបានទឹក ប្រាក់ ១៥ប៊ីលានដុល្លារ តាមផែនការនៅត្រឹមឆ្នាំ២០២០ខាងមុខ។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ ឯកឧត្តម ចាន់នីត ចាន់ឆៃណារ៉ុង បាន ​ថ្លែ​ង​​អំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងអនុសា​សន៍​ល្អ​​ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មប្រទេសទាំងពីរ។ ទាក់ទិននឹង​កា​រ​លើ​​កលែងពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែន ឯកឧត្តមបានសន្យានឹងនាំ យកសំ​ណើ​​ឯកឧត្តមរដ្ឋមន្ត្រី ទៅជម្រាបជូនរដ្ឋាភិបាលថៃ ដើម្បីពន្លឿនកិច្ចការនេះ។
គួរបញ្ជាក់ដែរថា កាលពីអំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃ បានរៀប​ចំ​កិច្ច​ប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅបង្កើន​ទំហំ​ពា​​ណិជ្ជកម្មទ្វេ ភាគីឱ្យបាន១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំ ប្រទេសទាំង​ពីរ​បាន​ឯកភាព ពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀប​ចំឱ្យ​មាន​វេទិកា ធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខា​លើ​​ឯកសារ សំខាន់ៗចំនួនពីរ ដែលក្នុងនោះរួមមាន ទី១. យុទ្ធសាស្ត្រកំណើននៃកិច្ចសហ​ប្រតិ​ប​ត្តិ​ការ សេដ្ឋកិច្ចតាមបណ្តាខេត្តនៅជាប់ព្រំដែន និងទី២. អនុស្សរណៈស្តីពីកិច្ចសហប្រតិ​បត្តិ​ការ​​ជំរុញ ពាណិជ្ជកម្ម៕

ដោយ ជឹម ណារី រូបភាព៖ ក្រសួងពាណិជ្ជកម្ម