អភិបាលខេត្តពោធិ៍សាត់ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តទួលលាប ស្រុកបាកាន

AKP ពោធិ៍សាត់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់​ និងលោក ជំទាវ​ ហ៊ុន​ ចាន់​ធី​ ប្រធានកិត្តិយស​សាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខេត្ត​ដោយមានការចូលរួមពីលោកជំទាវ​ ឯម​ ប៉ុណ្ណា​ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់​ និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តទួលលាប​ ស្ថិតក្នុងភូមិ​មេទឹក​ ឃុំមេទឹក​ ស្រុកបាកាន​ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត។

បន្ទាប់ពីវេរ​ប្រគេន​យាគូ ឬ​ចង្ហាន់​ព្រឹក ចង្ហាន់​ថ្ងៃត្រង់ ចំពោះ​ព្រះសង្ឃ និង​រាប់​បាត្រ​រួចមក​ ឯកឧត្តម​ ម៉ៅ​ ធនិន ក៏បានមានមតិសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងពុទ្ធ បរិស័ទចំណុះជើងវត្ត ដែលបានចូលរួមកាន់បិណ្ឌទី៧ និងបាន​សាកសួរសុខទុក្ខ និងថ្លែង អំណរគុណផងដែរ ចំពោះបងប្អូននៅឃុំមេទឹកទាំងមូលផងដែរ។

ឯកឧត្តម​បានបន្ថែមថា​ នាពេលឆាប់ៗខាងមុខ​ ឯកឧត្តមនឹងចាត់ឱ្យលោកនាយករដ្ឋ បាលនាំយកទេយ្យទាន​ មកចូលរួមកាន់វេន​ វត្តដែលអត្តខាត់ចំនួន៣ផ្សេងទៀត​ ក្នុងឃុំមេទឹក​ ស្រុកបាកាន​ ដើម្បីបានប្រារព្ធតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។

គួរបញ្ជាក់ថា​ ទេយ្យទាន និងទេយ្យវត្ថុ​ ដែលបានចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តទួល លាប នាពេលនោះមាន​ អង្ករ២០០គីឡូក្រាម​,​ មី​២០កេស,​ ទឹកសុទ្ធ១៥កេស​,​ ទឹកផ្លែឈើ ១៥កេស,​ ទឹកត្រី៤យួរ,​ ទឹកស៊ីអ៊ីវ៤យួរ,​ ស្ករស១០គីឡូក្រាម​,​ តែ​​ ទៀន​ ធូប​ និងបច្ច័យកសាង​វត្ត​ ចំនួន​ ១លាន៥០ម៉ឺនរៀល៕

ដោយ ណៅធឿន