ប្រជាពលរដ្ឋចំនួន៤០០ គ្រួសារ នៅក្នុងស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ទទួលបានមុង​សុវត្តិភាព ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

AKP ព្រះសីហនុ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨  — ឯកឧត្តម យន្ត​ មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តម លូ គីមឈន់ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកមុងសុវត្ថិភាព ដែលជា អំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ ជូនកាកបាទ​ក្រហម​កម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋបួនរយគ្រួសារ ដែលរស់នៅតំបន់ដាច់ ស្រយាល ប្រឈម​នឹងជំងឺគ្រុនចាញ់ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ពិធីនេះ បានធ្វើ ឡើង កាលពីថ្ងៃ អាទិត្យ ៦រោច ខែភទ្រ បទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ ។ឯកឧត្តម យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែង តែគិតគូរពីសុខទុក្ខ បង​ប្អូន​ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនមានការរើសអើងប្រកាន់វណ្ណ: ពូជសាសន៍ គឺធ្វើ យ៉ាងណាត្រូវជួយប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលាមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ប្រឈមនឹងការកើតជំងឺ ឬនៅតំបន់ងាយរងគ្រោះ ដូចជាគ្រុនចាញ់ គ្រុនឈាមជាដើម ។


ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពកូនចៅ ត្រូវដេកក្នុងមុង​ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានមូសខាំ អាចនឹងមានជំងឺឆ្លងផ្សេងៗទៀត។ ឯកឧត្តមអភិបាល​ខេត្ដក៏បានក្រើនរម្លឹកឱ្យក្រុមការងារស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហមនៅតាមមូលដ្ឋាន ត្រូវ យកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ជួយឱ្យបានទាន់ពេលវេលា ។


សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤០០គ្រួសារនេះ គឺមកពីឃុំស្ទឹងឆាយ ចំនួន ១១៣គ្រួសារ និងមកពីឃុំកំពង់សីលា ឃុំស្ទឹងឆាយ ឃុំអូរបាក់រទេះ និងឃុំចំការលួង ក្នុងស្រុកកំពង់សីលា​​ ២៨៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានមុងសុវត្ថិភាព ០១ អាវ ០១ និងថវិកាមួយចំនួនទៀតផងដែរ៕

ដោយ ងូ សុមុនី