ប្រធានាធិបតីចិនផ្ញើសាររំលែកទុក្ខទៅឱ្យប្រធានាធិបតីឥណ្ឌូណេស៊ី ចំពោះការរញ្ជួយដី និងស៊ូណាមី

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) បានផ្ញើសាររំលែកទុក្ខដល់សមភាគីឥណ្ឌូណេស៊ី របស់លោក គឺលោក ហ្សូកូ វីដូដូ ( Joko Widodo ) កាលពីថ្ងៃអាទិត្យ ចំពោះការខូចខាត ដែលបានបង្កឡើងដោយការរញ្ជួយដីដែលធ្វើឱ្យស្លាប់និងស៊ូណាមី ដែលបានបំផ្លិចបំផ្លាញខេត្តស៊ូឡាវេស៊ីកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី ។

នៅក្នុងសាររបស់លោក លោក ស៊ី បាននិយាយថា លោកមានការ ក្តុកក្តួលដែលបានដឹងថា ការរញ្ជួយដីដ៏ខ្លាំង និងស៊ូណាមី ដែលជាផលមួយនោះបានវាយប្រហារប្រទេសឥណ្ឌូណេស៊ី នឹងបានបង្កឱ្យមានការបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិយ៉ាងធំធេង ។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន នឹងខ្លួនលោកផ្ទាល់ លោក ស៊ី បានចូលរួមរំលែកទុក្ខដោយស្មោះត្រង់ដល់ជនរងគ្រោះ ហើយនិងសមានចិត្តដល់គ្រួសារ របស់ពួកគេ , អ្នករបួស ព្រមទាំងប្រជាជន នៅក្នុងតំបន់ដែលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ។

ដោយហៅប្រទេសឥណ្ឌូណេស៊ីថា ជាអ្នកនៅជិតខាងជាមិត្តមួយរបស់ប្រទេសចិននោះ​លោក ស៊ី បាននិយាយថា ប្រទេសចិនមានការអាណិតអាសូរដល់ប្រជាជនឥណ្ឌូណេស៊ី ព្រមទាំងត្រៀមខ្លួនផ្តល់ជំនួយទៅតាមសេចក្តីត្រូវការរបស់ភាគីឥណ្ឌូណេស៊ី ។ ប្រធានាធិបតីចិនបាននិយាយថា លោកជឿថា នៅក្រោមការដឹកនាំដ៏ខ្លាំងរបស់លោក វីដូដូ និងរដ្ឋាភិបាលឥណ្ឌូណេស៊ីនោះ ប្រជាជនឥណ្ឌូណេស៊ីនឹងជម្នះបានក្នុងពេលឆាប់ៗនេះ លើគ្រោះមន្តរាយនេះ ព្រមទាំងកសាងឡើងវិញនូវលំនៅដ្ឋានរបស់ពួកគេ ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមន្តរាយជាតិឥណ្ឌូណេស៊ី បាននិយាយពីថ្ងៃអាទិត្យនេះថា ចំនួនអ្នកសា្លប់បានឡើងដល់ ៨៣២នាក់ ហើយគេរំពឹងថា នឹងកើនឡើងទៀត ដោយឡែកមនុស្សប្រហែល ៥៤០នាក់របួសធ្ងន់ នឹង ១៦.៧៣២ នាក់ បានបង្ខំភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )