ការចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាមក្នុងមហាសន្និបាត អ.ស.ប. ទទួលលទ្ធផលផ្លែផ្កាទ្វេភាគី និងពហុភាគី

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ទៅលើលទ្ធផលដ៏ល្អនៃដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២៧ ខែកញ្ញា។

ថ្នាក់ដឹកនាំរដ្ឋាភិបាលរូបនេះបានចូលរួមសកម្មភាពជាច្រើន រួមទាំងការថ្លែងសុន្ទរកថានៅឯការជជែកដេញដោលទូទៅនៃសម័យប្រជុំលើកទី ៧៣ របស់មហាសន្និបាត អ..ស.ប នឹងបានចូលរួមកិច្ចប្រជុំជាមួយប្រធានមហាសន្និបាត អ.ស.ប លោក Maria Fernanda Espinosa អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres និងបណ្តាថ្នាក់ដឹកនាំរបស់ប្រទេសចំនួនប្រាំ។ លោកក៏បានចូលរួមកិច្ចពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនអាជីវកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ និងតំណាងរបស់បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅអង្គការសហប្រជាជាតិ និងសហគមន៍វៀតណាមនៅទីក្រុងញូវយ៉កផងដែរ។

អនុរដ្ឋមន្ត្រី លោកស្រី Nga បាននិយាយថា ដំណើរទស្សនកិច្ចការងារនេះមានសារៈសំខាន់ជាពិសេសសម្រាប់កិច្ចសហការចំពោះការចូលរួមរបស់គណៈប្រតិភូក្នុងកិច្ចពិភាក្សាទូទៅកិច្ចប្រជុំ និងសកម្ម ភាពផ្សេងៗដែលបានបង្ហាញថា វៀតណាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ អ.ស.ប ព្រមទាំងមានគោលនយោបាយគោរពតាមយន្តការពហុភាគីជាមួយ អ.ស.ប ដែលដើរតួនាទីជាមជ្ឈមណ្ឌលនៃទំនាក់ទំនងអន្ដរជាតិ។

សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាត អ.ស.ប ត្រូវបានគេធ្វើឡើងក្រោមប្រធានបទ «ធ្វើឱ្យអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងមនុស្សទាំងអស់: ភាពជាអ្នកដឹកនាំសកលលោក និងការបែងចែកទំនួលខុសត្រូវរួមសម្រាប់សង្គមដែលមានសន្តិភាព សមធម៌ និងនិរន្តរភាព»។ លោកស្រីបាននិយាយថា ប្រធានបទនេះត្រូវទៅនឹងអាទិភាពនាពេលបច្ចុប្បន្នរបស់វៀតណាម ដែលកំពុងកសាងរដ្ឋាភិបាលមួយដែលមានភាពរីកចម្រើន និងមានសកម្មភាពដែលបម្រើដល់ប្រជាជន និងដាក់ប្រជាជននៅចំណុចកណ្តាលនៃដំណើរការរៀបចំគោលនយោបាយ និងការអនុវត្ត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)