ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្ត​ឧត្តមរត្យារាម​ត្រពាំងថ្ម ខេត្ដបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តឧត្តមរត្យារាមត្រពាំងថ្ម ស្រុកភ្នំ​​ស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៨នេះដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។


ឯកឧត្តម​ ​ ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន ​និងលោកជំទាវ ​ ​ ​ ព្រមទាំងពុទ្ធបរិស័ទ បានបូជា ទៀន ធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសីល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ សំល នំចំណី ជាច្រើនមុខទៅវេរប្រគេន ព្រះសង្ឃរាប់បាតបង្សុកូលនមស្សការព្រះរតនត្រ័យឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ពិសេសដើម្បី ឧទ្ទិសដល់ដួងវិញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វ ហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាពិសេសជាងនេះទៅ​ទៀតគឺប្រជាជនស្លូតត្រង់ដែលទទួលទុក្ខទារុណកម្ម​យ៉ាងព្រៃផ្សៃនិ ងស្លាប់យ៉ាងអយុត្តិធម៌នៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយសូមឱ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនេះ សុំឱ្យមគ្គផលកើត​ចេញពីការធ្វើបុណ្យនេះ សូមឱ្យជាតិ ខ្មែរ ទាំងមូលបានជួបក្តីសុខ ក្សេមក្សាន្តជានិច្ចនិរន្ត ។


​ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានលើកឡើងថា​ ការដែលយើងបានមកជួបជុំគ្នាពីគ្រប់ទី​កន្លែង​ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យរបស់ប្រពៃណីជាតិខ្មែរមានតាំងពីបុរាណនេះក៏​ដោយ​សារតែប្រទេសជាតិយើងមានសុខសន្តិភាពប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្តមានជីវភាពធូរធាជាលំដាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុនសែនជា នាយករដ្ឋមន្ត្រីនោះ។

សូមរម្លឹកផងដែរថា បុណ្យភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំ ចាប់ពីថៃ្ង១ រោច ដល់ថៃ្ង១៥រោច ខែភទ្របទ​។ ប្រជាពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះ ដោយការយក ទេយ្យទានផ្សេងៗ មានអាហារជាដើមទៅផ្គត់ផ្គង់ ព្រះសង្ឃនៅក្នុងវត្ត ដែលកំពុងគង់ចាំ វស្សារយៈពេល១៥ថៃ្ងគត់។ដោយហេតុពុទ្ធសាសនិក មានការមមាញឹកចំពោះកិច្ចានុ កិច្ចប្រចាំ ថៃ្ង ដើម្បីធានាថា ព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះ ទើបគេចែកជាក្រុមៗ ដាក់វេន គ្នា យកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ង ​ ​នេះ ឱ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ។ សម្រាប់ថ្ងៃទី១៥ ត្រូវនឹងថ្ងៃ១៥រោច​ខែភទ្របទដែលជាថ្ងៃចុងក្រោយនេះ ឱ្យឈ្មោះថា ភ្ជុំបិណ្ឌ ឬ ថ្ងៃភ្ជុំបិណ្ឌ ៕

ដោយ ឈុន សារ៉ាត