សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា នឹងបើកស្ថានឯកអគ្គរាជទូតនៅប្រទេសប៊ុលហ្គារី ឡើងវិញ នៅឆ្នាំ២០១៩ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រ​សា​សន៍​ថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប្រទេស ប៊ុលហ្គា​រី​ជា​​ថ្មី​ឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយស្ថានភាពនយោបាយរបស់ប្រទេស​ប៊ុលហ្គា​រី​នោះ​។ នេះបើយោងតាមប្រភពពីទូរទ្សន៍ជាតិកម្ពុជា។


សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯក​ឧត្ដ​ម​ ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០​១៨ ក្នុងខណៈអញ្ជើញទៅចូលរួមក្នុងមហា​សន្និ​បា​ត​អង្គការសហប្រជាជាតិ​លើក​​ទី​៧៣ នៅ​​​ទី​​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក។ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយក​រដ្ឋមន្រ្តី​បា​ន​មា​នប្រសាសន៍វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្គារីកាល​ពីអតីតកាល​ដែ​ល​​បា​ន​ដើរតួនាទី ក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជា បាន​រំដោះចេញពីរបប​ប្រ ល័​យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សា​សន្តិភាព​នៅកម្ពុជា ក្រោ​យ​កិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីស។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋា​ភិបាល​នៃ​ប្រទេស ទាំងពីរ​បា​ន​​ឯកភាពគ្នា ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស ទាំងពីរ​ឱ្យ​កាន់​តែរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេស​ចរ​ណ៍​។

ជា​ការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្គារី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម របស់​សម្តេច ក្នុង​ការ​​បើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្គារី ដែលនោះគឺជា​ឱកាស​ដែល​សម្តេ​ច​ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្គារី។ ក្នុងជំនួបពិភាក្សា​គ្នា​នោះ​ដែរ សម្តេ​ច​​តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជម្រាបជូនសមភាគីប៊ុលហ្គារី ពីគោល​បំណង​នៃ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០ ដែលក្នុង​នោះ​បណ្តា​ប្រទេសអាស៊ានបានឯកភាពរួចហើយ រួមទាំងប្រទេសនៅអឺរ៉ុប​មួយចំនួន​ផងដែរ។ ឯក​ឧត្ត​ម​នាយករដ្ឋមន្រ្តីប៊ុលហ្គារីបានឯកភាពចំពោះ សំណើរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និ​ង​​បានចាត់ទុក​ថា វាគឺជាឱកាសឱ្យរូបឯកឧត្តមបានអញ្ជើញទៅបំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​៕

ដោយ ជឹម ណារី