អតីតៈសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងជាង២៣០នាក់បានជួបជុំគ្នារំលឹកគុណគ្រូនិងធ្វើបុណ្យដាក់បិណ្ឌសាមគ្គីរួមគ្នាជាលើកទី៦

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

ក្រុមអតីតៈសិស្សានុសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងជាច្រើននាក់បានរួមគ្នារំលឹកគុណគ្រូនិងធ្វើបុណ្យដាក់បិណ្ឌសាមគ្គីរួមគ្នាជាលើកទី៦ ដើម្បីបង្ហាញពីការរឹតចំណងមិត្ត រវាងអតីតៈសិស្សានុសិស្សរួមជំនាន់និងជំនាន់ផ្សេងៗគ្នា ពិសេសសម្តែងការដឹងគុណចំពោះលោកគ្រូដែលបានបង្ហាត់បង្រៀនកន្លងមក។

ក្រុមអតីតៈសិស្សានុសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងជាង២៣០នាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះបានជួបជុំគ្នាជាលក្ខណៈទ្រុងទា្រយធំដើម្បីធ្វើបុណ្យដាក់បិណ្ឌរួមគ្នា ប្រគេនចង្ហាន់ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់នៅក្នុងវត្តពាមជីកង ស្ថិតក្នុងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

បន្ថែម ពីនេះទៀតក្រុមអតីតៈសិស្សានុសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងទំាងអស់នេះ ក៏បានជួបជុំគ្នានៅ បរិវេណផ្ទះលោកស្រីអ៊ុយ ណាលីន ច្រៀងចម្រៀងរៀបរាប់ពីស្រុកកំណើត ការផ្តល់ប្រាក់ឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តន៍ រួមទំាងការពិសារអាហារសាមគ្គីរួមគ្នារវាងអតីតៈសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងច្រៀងរាំកម្សាន្តជាច្រើនទៀតផងដែរ។

ក្នុងឱកាសជួបជុំគ្នាដ៏សប្បាយរីករាយនេះលោក ថៅ វាសនា អតីតៈសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងជំនាន់ទី២ និងជាមន្រ្តីបំរើការងារនៅទីស្តីការគណៈរដ្ឋមន្រ្តីនបានឲ្យដឹងថា ការជួបជុំនាពេលនេះបានផ្តល់ឱកាសក្នុងការធ្វើបុណ្យកាន់បិណ្ឌរួមគ្នាផង និងបានជួបជុំគ្នាសម្ដែងនូវការតបស្នងចំពោះគុណូបការៈ លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនមិត្តគ្រប់ជំនាន់ អោយក្លាយជាពលរដ្ឋល្អ ជាឪពុកម្តាយល្អ ពិសេសមានចំណេះដឹងជាមូលដ្ឋានគ្រឹះឈោងទៅចាប់យកជំនាញវិជ្ជាជីវៈដើម្បីមានចំណេះដឹងគ្រប់គ្រាន់ធ្វើការងារបំរើជាតិមាតុភូមិ។

លោកបានលើកឡើងថា ក្នុងរយៈពេលជាង៣៩ឆ្នាំកន្លងទៅនេះលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនកន្លងមក គឺមានអាយុកាន់តែច្រើន ដែលក្រុមអតីតៈសិស្សានុសិស្សទំាងអស់មិនអាចបំភ្លេចគុណបំណាច់របស់ពួកគាត់បានឡើយ។

លោកគ្រូហ្មំា គឹមលី អតីតៈនាយកវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងបានសម្តែងការកោតសរសើរចំពោះសកម្មភាពររបស់ក្រុមអតីតសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងនាពេលនេះគឺជាសកម្មភាពដ៏គំរូសម្រាប់ សិស្សានុសិស្សជំនាញក្រោយទៀតអោយចេះស្រលាញ់គ្នារាប់អានគ្នា នឹងការដឹងគុណចំពោះលោក គ្រូអ្នកគ្រូដែលខិតខំបណ្តុះបណ្តាលនាពេលកន្លងមក។

ចំណែកលោកហុក សិទ្ធិ អតីតៈសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងជំនាន់ទី២ និងជាប្រធានអង្គការស៊ីប៉ាបានឲ្យដឹងដែរថា ទំាងរូបលោកក៏ដូចជាអតីតៈសិស្សានុសិស្សដ៏ទៃទៀតនៃវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លំាងព្រោះបានជួបមិត្តភក្តិ ចាស់ៗដែលបានបែកគ្នាកន្លងមក។

លោកបញ្ជាក់ថា ក្រុមអតីតៈសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងបានប្តេជ្ញានឹងរួមគ្នារៀបចំកម្មវិធីជួបជុំនេះអោយបានជារៀងរាល់ឆ្នាំ ដើម្បីមានឱកាសរំលឹកគុណលោកគ្រូអ្នកគ្រូផង និងជួបជុំគ្នាបង្ហាញពីការនឹករលឹកគ្នាទៅវិញទៅមករួមទំាងការធ្វើបុណ្យរួមគ្នាជាដើម។

សូមបញ្ជាក់ថា នេះគឺលើកទី៦ហើយចាប់តំាងពីឆ្នាំ២០១០ ដែលក្រុមអតីតៈសិស្សវិទ្យាល័យសម្តេចហ៊ុនសែនពាមជីកងជំនាន់ទី១ដល់ទី៦ដែលរួមគ្នាបង្កើតកម្មវិធីរំលឹកគុណគ្រូនិងធ្វើបុណ្យដាក់បិណ្ឌរួមគ្នា ដើម្បីបង្ហាញពីការនឹករលឹកគ្នាទៅវិញទៅមក។