សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមកាន់បិណ្ឌទី​៤​ នៅវត្តលង្កាព្រះកុសុមារាម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងមហាឧបាសិកា​ ប៊ុន​ ស៊ាងលី​ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជ ការគ្រប់លំដាប់ថ្នាក់​ និងពុទ្ធបរិស័ទជាច្រើននាក់​បាននាំយកចង្ហាន់ និងទេយ្យវត្ថុ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កាកបាទក្រហមកម្ពុជា។ ​


ស្របពេលដែលប្រជាពលរដ្ឋ ជាពុទ្ធសាសនិកទូទាំងប្រទេសកម្ពុជា កំពុងចូលរួម សប្បាយរីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ រួមនិងបច្ច័យយកមក ប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។


ក្នុងឱកាសនោះ ​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានជូនថវិកា និង ក្រណាត់ស​ ជូនដល់ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងក្មេងៗ ព្រមទាំង ពុទ្ធបរិស័ទជាច្រើននាក់ផងដែរ៕

ដោយ សាយ សុន (រូបថត៖កាកបាទក្រហមកម្ពុជា)