គម្រោងអចលនទ្រព្យដ៏ធំមួយមកពីប្រទេសចិន នឹងលេចរូបរាងនៅភាគខាងត្បូងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — គម្រោងអចលនទ្រព្យដ៏ធំមួយ នឹងលេចរូបរាងនៅភាគខាងត្បូងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនមកពីប្រទេសចិនមួយបានសម្រេចបោះទុនវិនិយោគក្នុង ទឹកប្រាក់រាប់ពាន់លានដុល្លារ។


លោក ស៊ូ វិនសូវ (XU WENSHUI) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គម្រោងអគារស្នាក់នៅខ្ពស់ជាងគេបំផុតនៅ ក្នុងរាជធានីភ្នំពេញនេះ មានកម្ពស់ ៥៧ជាន់ ស្មើនឹង ១៧៤ម៉ែត្រ ដែលជាអគារស្នាក់នៅរបស់អភិជនជាន់ខ្ពស់នៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខាតែងតាំងកញ្ញា ឱក សុគន្ធកញ្ញា ជាអ្នកនាំពាក្យសម្រាប់គម្រោងសាងសង់អគារស្នាក់នៅ អ& អេហ្វ ក្លរី (R & F Glory) នារសៀលថ្ងៃទី២៨ ខែកញ្ញា នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ លោកស៊ូ វិនសូវ បានបញ្ជាក់ថា គម្រោងសាងសង់ឡើងនៅចំកណ្តាលទីក្រុងភ្នំពេញនេះ ដោយសារឃើញពីសក្តានុពលយ៉ាងធំធេងនៃកំណើនប្រជាជន ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនប្រទេសកម្ពុជាទាំងមូល ពិសេសការកើនឡើង នៃតម្រូវការលំនៅឋានក្នុងរាជធានីភ្នំពេញ។

កញ្ញា ឱក សុគន្ធកញ្ញា ដែលត្រូវបានតែងតាំងជាអ្នកនាំពាក្យសម្រាប់គម្រោង សាងសង់អគារស្នាក់នៅ បានបញ្ជាក់ថា គម្រោងសាងសង់អគារស្នាក់នៅនេះ នឹងត្រូវបានសាងសង់ប្រកបដោយគុណភាព និងភាពខុសប្លែកពីគេបំផុតនៅទីក្រុងភ្នំពេញ ហើយនៅក្នុងចំណោមលក្ខណៈសម្បត្តិដ៏លេចធ្លោរនេះ ក៏នឹងមានការបំពាក់បរិក្ខារដ៏ប្រណីត និងសម្បូរបែបសម្រាប់ទាក់ទាញអតិថិជន។


លោក WANG ZHI HAO ប្រធានក្រុមប្រឹក្សាភិបាលនៃ (R & F PROPERTIES (CAMBODIA) CO.,LTD បានបង្ហាញថា ក្រុមហ៊ុន (R & F PROPERTIES) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ជាក្រុមហ៊ុនល្អបំផុតទាំង១០ ក្នុងប្រទេសចិន។ ២៤ឆ្នាំមកនេះក្រុមហ៊ុនបានយកចិត្តទុកដាក់លើការស្ថាបនាអាគារស្នាក់នៅលំដាប់កំពូល ចាប់ពីក្រុងក្វាងចូវ រហូតដល់ទូទាំងប្រទេសចិន និងនៅលើពិភពលោកផងដែរ។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន (R & F PROPERTIES) បានស្ថាបនា គម្រោងក្នុងប្រទេសម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និងនៅប្រទេសកម្ពុជា ហើយបានសាងសង់ គម្រោងអាគារ ២២០ ក្នុងទីក្រុងប្រមាណ ៧០ នៅជុំវិញពិភពលោក។ នៅខែឧសភា ឆ្នាំ២០១៧ R & F PROPERTIES បានឈានចូលក្នុងប្រទេសកម្ពុជាជាផ្លូវការ ដោយនាំមកគម្រោងទី១ ដែលកែប្រែជីវភាពស្នាក់នៅក្នុងភ្នំពេញ គឺ R & F CITY ជាបុរីសួន អន្តរជាតិមួយ ដែលមាន ៥៦០ពាន់ម៉ែត្រការ៉េ នាំមុខបុរីស្នាក់នៅកំពូលក្នុងភ្នំពេញ។

លោកបន្តទៀតថា ថ្ងៃនេះក្រុមហ៊ុន R & F PROPERTIES បាននាំមកផលិតផលអស្ចារ្យមួយទៀតដល់ទីក្រុងភ្នំពេញ គឺ គម្រោងអគារស្នាក់នៅ អ& អេហ្វ ក្លរីនេះ (R & F Glory) បាននឹងកំពុងសាងសង់លើផ្ទៃដី សរុបជិត ៨ហិកតា ក្រោមទុន៧០០លានដុល្លារ ដែលក្នុងនាមជាអាគារស្នាក់នៅលំដាប់ខ្ពស់ ជាងគេទីមួយនៅក្នុងទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបចំពោះជីវភាពស្នាក់នៅរបស់ ប្រជាជនភ្នំពេញនាពេលអនាគត៕

ដោយ ប៉ាល់ សុង