ឯកអគ្គរដ្ឋទូតចិន គាំទ្រវិធានការរបស់អាជ្ញាធរកម្ពុជាក្នុងការបង្ក្រាបបទល្មើសលើជនជាតិចិន ដែលប្រព្រឹត្ដខុសច្បាប់នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រកាសគាំទ្រចំពោះវិធាន ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញាធរកម្ពុជាដែលបាន​យកចិត្តទុកដាក់ ក្នុងការជួយ បង្រ្កាបបទល្មើសផ្សេងៗ ដែលបង្កឡើងដោយជនជាតិចិន ក្នុងការប្រព្រឹត្ដបទល្មើស ឬធ្វើ សកម្មភាពខុសច្បាប់នៅកម្ពុជា។


ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលា នាឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ស្យុង ប៉ (Xiong Bo) ឯកអគ្គ​រដ្ឋ​ទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអះអាងថា អាជ្ញាធរកម្ពុជាបានជួយ ដល់ផ្នែកសន្ដិសុខក្នុងការបង្ក្រាបបទល្មើសផ្សេងៗដូចជាបទល្មើសឆ្លងដែន ការជួញដូរគ្រឿង ញៀន ការប្រព្រឹត្ដអំពើពេស្យាចារផ្សេងៗរបស់ជនជាតិចិន​ដែលកើតឡើងនៅកម្ពុជា ដែល សកម្មភាព​ទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនចិនរស់នៅក្នុង ប្រទេសចិនក៏ដូច​ ​ជាប៉ះពាល់ដល់រូបភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមបាន ថ្លែងការអរគុណ ចំពោះ​ក្រសួងមហាផ្ទៃកម្ពុជាដែលបានយកចិត្តទុកដាក់ជួយបង្ក្រាបជន ល្មើសជាជនជាតិចិន ដែលបានឆ្លៀតឱកាសប្រព្រឹត្ដបទល្មើសនៅកម្ពុជា ជាពិសេសកិច្ច សហការយ៉ាងល្អជាមួយ អាជ្ញាធរមានសមត្ថកិច្ចចិន ក្នុងការ​ពង្រឹងការអនុវត្ដច្បាប់ឱ្យកាន់ តែល្អប្រសើររវាង​ប្រទេស​ទាំងពីរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានលើកឡើងថា បញ្ហាដែលបាន កើតឡើង​ទាំងនោះគឺមាន ជនជាតិចិនមួយចំនួនបានឆ្លៀតឱកាសប្រព្រឹត្ដធ្វើសកម្មភាព បទ ល្មើសផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងទឹកចិត្ដរបស់ប្រជាជនកម្ពុជា និងប្រជាជន ចិនដែលកំពុងនៅរស់ កម្ពុជា។


ឯកឧត្តមក៏បានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង​ប្រទេស​ទាំងពីរដែលបានគោរព និងប្រកាន់ភ្ជាប់នូវអធិបតេយ្យ និងឯករាជ្យភាពរវាង​ប្រទេស​ទាំងពីរទៅ​វិញ​ទៅមក ដើម្បីការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជននៃប្រទេស​ទាំងពីរ។ ទន្ទឹមនេះ ក្រៅពីវិស័យ​សន្ដិសុខប្រទេសចិន និងកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការ ល្អលើ​វិស័យវប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជ​កម្ម ដែលប្រទេសទាំងពីត្រូវតែបន្ដកិច្ចសហ ប្រតិបត្តិការឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានគាំទ្រចំពោះ ការលើកឡើង របស់ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិន ហើយបានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏មានកិច្ចសហប្រតិបត្ដិ ការជាមួយក្រសួងសន្ដិសុខសាធារណៈចិនលើការងារសន្ដិសុខទាក់ទងនឹងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការបណ្ដុះបណ្ដាលធនធានមនស្ស ហើយក្រសួងមហាផ្ទៃក៏បានទទួល សម្ភារ ជាច្រើនពីក្រសួងសន្ដិសុខចិន ផងដែរ។ ទន្ទឹមនេះ រាជធានី ខេត្ដមួយចំនួនរបស់កម្ពុជា និងចិនក៏បានចងសម្ព័ន្ធមេត្រីភាពភ្ជាប់ ទំនាក់ទំនងជាមួយគ្នា ដែលសកម្មភាពទាំងអស់នេះ បានបង្ហាញអំពីទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ យ៉ាងជិតស្និទ្ធរវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
សម្ដេចក្រឡាហោម ក៏បានស្នើឱ្យភាគីចិន បន្ដជួយលើការងារបណ្ដុះបណ្ដាល ធនធាន មនុស្ស ដល់កងកម្លាំងនគរបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមប្រព័ន្ធ អ៊ិនធើណេតផងដែរ៕

ដោយ អ៊ុន រិទ្ធី