ឯកឧត្តម គួច ចំរើន នាំស្រូវពូជយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីយកទៅស្ដារឡើងវិញនូវផ្ទៃដីដែលខូចខាត

AKP កំពង់ចាម ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — ស្រូវពូជប្រមាណជាង១៣តោនត្រូវបានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តកំពង់ចាមបាននាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន៣៣៦ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

លោក គឹម សារឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឆ្នាំនេះទឹកភ្លៀង​បានបង្កលក្ខណៈ​អំណោយផលល្អពី​ដើមឆ្នាំមក បានធ្វើឱ្យដល់កសិករ នៅទូទាំងខេត្ដ អាចបង្កបង្កើនផលលើការងារ​ភ្ជួរ​រាស់ សាបព្រោះ ដកស្ទូង ស្រូវក្នុងរដូវវស្សាឆ្នាំនេះសម្រេចបាន​លើផ្ទៃដីសរុប​ជាង៩០.៥០០ហិកតា គឺស្មើនឹង ១០៤.៦៨ភាគរយ។ ក្នុងនោះស្រូវស្រាល​អនុវត្តន៍​បានលើផ្ទៃដី ជាង៣១. ៩០០ហិកតា។ស្រូវកណ្ដាលបានជាង៣៤.៧០០ហិកតា និងស្រូវធ្ងន់សម្រេច បានជាង២៣.៨០០ហិកតានិងដំណាំរួមផ្សំវិញ សម្រេចដាំដុះបានលើផ្ទៃដី​ប្រមាណ​ជាង៥២.៤០០ហិកតា។ ឆ្នាំនេះគ្រោះទឹកទន្លេមេគង្គបានធ្វើឱ្យផ្ទៃដីស្រូវវស្សាប្រមាណ ជាង៧.៧០០ហិកតា រងផលប៉ះពាល់ហើយ ក្នុងនោះការខូចខាតទាំងស្រុងមានប្រមាណជាង ៦.២០០ហិកតា និងដំណាំ​រួម​ផ្សំខូចខាតអស់ជាង ៦០០ហិកតាផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន សម្ដែងការសោកស្ដាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ដែលបានបំផ្លាញដំណាំរបស់បងប្អូនដោយស្ថានភាពទឹកជំនន់ឡើងមានរយៈពេលយូរធ្វើឱ្យផលដំណាំរងការខូចខាត។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នេះ ដែលដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងគ្រោះទឹកជំនន់កន្លងទៅនេះ ដោយសម្តេចបានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា។ ឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ អាជ្ញាធរខេត្តបាននាំស្រូវពូជមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជនន់ដើម្បីធ្វើការស្ដារឡើងវិញចំពោះផ្ទៃដីដែលខូចខាតកន្លងមក។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបាន ស្រូវពូជនៅពេលនេះ ត្រូវប្រញាប់ប្រញាល់យក ទៅសាបព្រោះដោយទឹកបានចាប់ផ្តើម ស្រកហើយនោះ។ ដំណាំស្រូវ គឺជាដំណាំដែលប្រើប្រាស់ពេលវេលា ស្របពេលដែលមានទឹកអាចឱ្យយើងដំណើរការបាន ហើយត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ ទៀតនិងការចិញ្ចឹមសត្វ ដើម្បីលើកម្ពស់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាពដោយ រស់នៅស្អាតហូបស្អាតនិងផឹកស្អាត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានត្រូវបង្កើន កិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរក្នុងឱកាសពិធីដាក់បិណ្ឌនិងភ្ជុំបិណ្ឌហើយបងប្អូបត្រូវបន្តចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាផងដែរ៕

ដោយ ឆាយ ម៉ុត