ក្នុងរយៈពេល​៥ឆ្នាំកន្លង​មក​នេះ ​ការ​លើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា គឺមាន​ភាពល្អប្រសើរជាង​មុន

AKP សៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នំាំ២០១៨ — មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​កិច្ចការ​នារី​អះអាងថា នៅ​ក្នុងរយៈពេល​៥ឆ្នាំកន្លង​មក​នេះ​ឃើញ​ថាការ​លើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា គឺមាន​ភាពល្អប្រសើរជាង​មុន ប៉ុន្តែចំនួន ស្ត្រីចូលរួម​ក្នុងវិស័យសាធារណៈ និង​ជា​អ្នកដឹក​នំាំនៅ​តែមិនទាន់បំពេញនូវតម្រូវការការងារ និងផែនការបាន​នៅឡើយទេ ដោយសារតែស្រ្តីនៅខ្វះសមត្ថភាព និងភាព​អង់អាច។


ថ្លែង​នៅ​ក្នុងកិច្ច​ប្រ​ជុំឆ្លុះបញ្ចាំងផ្ទៃក្នុង​ ការ​អនុវត្តផែនការ​យុទ្ធសាស្រ្តនារីរតនៈទី៤ មេរៀនបទពិសោធន៍ចំណុចខ្លាំង បញ្ហាប្រឈម និង​ចក្ខុវិស័យទៅមុខនៅខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នំា២០១៨នេះ លោកជំទាវ​ ឃឹម ចំរើន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​បាន​មាន​ប្រសាសន៍ថា នៅ​ក្នុង​ផែន​ការ​យុទ្ធសាស្រ្ត​នារីរតនៈទី៤រយៈពេល​៥​ឆ្នាំចាប់​ពី​ឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨នេះឃើញថាការ​លើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា គឺមាន​ភាពល្អប្រសើរជាង​មុន ប៉ុន្តែចំនួនស្ត្រីចូលរួម​ក្នុងវិស័យសាធារណៈ និង​ជា​អ្នកដឹក​នំាំនៅ​តែមិនទាន់បំពេញនូវតម្រូវការការងារ និងផែនការបាន​នៅឡើយទេ ដោយសារតែស្រ្តីនៅខ្វះសមត្ថភាព និងភាព​អង់អាចក្នុងការចូលរួម​។

លោកជំទាវ​បាន​បន្តថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និង​ប្រសិទ្ធភាព​ដំណាក់កាលទី៤ ដែលនៅក្នុង​យុទ្ធសាស្រ្តនេះ ក៏បានកំណត់អំពីការធ្វើបច្ចុប្បន្នភាព​ និង​អនុវត្ត​ន៍ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈក្នុង​គោលដៅ ដើម្បី​ពង្រឹងសមភាពយេនឌ័រនៅកម្ពុជាផងដេរ។ ជាមួយគ្នានេះ​ការ​រៀប​ចំផែន​ការ​យុទ្ធសាស្រ្តនារីរតនៈទី៥ គឺជាចំណុច​អាទិភាព​ ដែលតម្រូវឱ្យ រៀបចំឡើងក្នុង​ពេលជាមួយគ្នា ហើយក៏ជាផែនការ​យុទ្ធសាស្រ្តចាំបាច់មួយក្នុង​ការ​ឆ្លើយតប​ និង​អនុវត្តន៍តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាល។


លោកជំទាវបាន​បញ្ជាក់ថា ដើម្បី​ឱ្យមូលដ្ឋានការ​រៀប​ចំផែន​ការ​យុទ្ធសាស្រ្តនារី រតនៈទី៥ អាចដំណើរការ​ទៅ​ប្រកប​ដោយ​ភាព​ជឿជាក់ និង​ប្រសិទ្ធភាព​ ថ្ងៃនេះ​ក្រសួង​កិច្ច​ការនារី​បាន​ប្រ​ជុំឆ្លុះបញ្ចាំងផ្ទៃក្នុង​ ការ​អនុវត្តផែនការ​យុទ្ធសាស្រ្តនារីរតនៈទី៤ មេរៀន បទពិសោធន៍ចំណុចខ្លាំងបញ្ហាប្រឈម និង​ចក្ខុវិស័យទៅមុខ​ ដើម្បីពិនិត្យមើលការអនុវត្ត ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈទី៤កន្លងមក និងស្វែងរកយន្តការថ្មីមួយដើម្បីអនុវត្តន៍ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈទី៥ឱ្យកាន់តែមាន​ភាព​ជោគជ័យ។

លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប​បានមាន​ប្រសាសន៍ថា ដោយសារមាន​ការគាំទ្រពីរាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់សមភាពយេនឌ័រ សម្រាប់ខេត្តសៀមរាបស្រ្តីចូល រួម​ក្នុងវិស័យសាធារណៈ និងការងារនយោបាយមានចំនួន៥០៨១នាក់ក្នុង​ចំណោម​មន្រ្តីរាជការសរុបចំនួន៩៩០២នាក់។ហើយ​ចំនួនស្រ្តីដែលមានតួនាទី​ជាថ្នាក់ដឹកនាំ គឺមិនទាន់ អាច​ឆ្លើយតប​ទៅនិងផែនការបាននូវឡើយទេ ដោយថាស្រ្តីនៅខ្វះសមត្ថភាព និងខ្វះភាព​អង់អាចក្នុងការចូលរួម បើទោះបីកន្លងមាន​ការ​បណ្តុះបណ្តាលបង្កើតភាពអង់ អាចដល់ស្រ្តីហើយក៏ដោយ។ លោកស្រីរំពឹង​ថា នៅក្នុង​ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈទី៥ និង​ជួយជំរុញ​ឱ្យ​ស្រ្តីចូលរួម​ក្នុងវិស័យសាធារណៈ និងការងារនយោបាយបាន​កាន់តែច្រើន៕

ដោយ ឃុត សៅ