ពិធីចុះហត្ថលេខាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថានរវាងខេត្តព្រះសីហនុ និងក្រុមហ៊ុនឌីអូវើស៊ី

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង បរិស្ថានរវាងខេត្តព្រះសីហនុ និងក្រុមហ៊ុនឌីអូវើស៊ី ក្រុមហ៊ុនឆៃណារៀលវេទី១០ អ៊ីនជីនៀរីងគ្រុប ខូអិលធីឌ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។


លោកស្រី Dai Jiayi តំណាងក្រុមហ៊ុន CHINA Railway Hi-Tech Industry Corporation Limited មានប្រសាសន៍ថា ក្រុមហ៊ុនលោកស្រីជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលបានសាង សង់សំណង់ធំនៅប្រទេសជាច្រើនលើពិភពលោក ដែលមានបច្ចេកទេស កែច្នៃបរិស្ថាន។ ក្រុមហ៊ុនមាន គោលបំណងមកសិក្សាវិនិយោគលើគម្រោង ហេដ្ឋារចនា សម្ព័ន្ធ និងបរិស្ថាន នៅខេត្តព្រះសីហនុ តាមការគ្រោងទុកក្រុមហ៊ុន សិក្សារយៈពេលពី៣ ទៅ៦ខែ និងត្រូវបញ្ចប់ ដាក់ជូនឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពិនិត្យ និងសម្រេច។ លោកស្រីតំណាងក្រុមហ៊ុន ក៏បានសំណូមពរឱ្យរដ្ឋបាលខេត្ត គាំទ្រគម្រោង សិក្សាហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាន ដើម្បីឱ្យក្រុមហ៊ុនដំណើរការសិក្សាទទួលបានលទ្ធផល ល្អតាមការគ្រោងទុក។


ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះ ក្រុមហ៊ុនមកពីប្រទេសចិន ដែលមានបំណងមកសិក្សាប្រតិបត្តិការលទ្ធភាពអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តគាំទ្រ និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការសិក្សាគម្រោងហេដ្ឋរចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិ ស្ថាននៅខេត្តព្រះសីហនុ ក្រោយបញ្ចប់ការសិក្សា ដើម្បីដាក់ជូនទៅរដ្ឋាភិបាល នៃប្រទេសទាំងពីរសម្រេច ដើម្បីរកថវិកាសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្ដព្រះសីហនុ ឱ្យមានសោភណភាព បរិស្ថានល្អ ស័ក្តិសមជាទីក្រុងទេសចរណ៍នាទិសនិរតី៕

ដោយ ងូ សុមុនី