មន្រ្តីជាន់ខ្ពស់នគរបាលជាតិ ណែនាំឱ្យម្ចាស់ក្រុមហ៊ុនសន្តិសុខឯកជនទាំងអស់ ប្រុងប្រយ័ត្ន ខ្ពស់ចំពោះការជ្រើសរើសបុគ្គលិក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម ឧត្តមសេនីយឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំឱ្យម្ចាស់ក្រុមហ៊ុនសន្តិសុខឯក ជនទាំងអស់​ប្រុងប្រយ័ត្នចំពោះការជ្រើសរើសបុគ្គលិក ធ្វើយ៉ាងត្រូវពិនិត្យប្រវត្តិរូបឱ្យបានច្បាស់លាស់។

 ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនលើកទី៧ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់ក្រុមហ៊ុន ផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវពិនិត្យមើលឱ្យបានច្បាស់ លាស់ទៅលើសាវតា ប្រវត្តិរូបរបស់បុគ្គលិកម្នាក់ៗ មុននឹងសម្រេចចិត្តជ្រើសរើស ឱ្យចូល បម្រើការងារ ព្រោះខ្លាចក្រែងប៉ះចំបុគ្គលិកដែលមានប្រវត្តិមិនល្អ ជាហេតុនាំឱ្យមានគ្រោះថ្នាក់​ដល់ក្រុមហ៊ុន។ ឯកឧត្តមបានបន្តថា មានជនខិលខូចមួយចំនួនបានជ្រកក្រោមស្លាកជាសន្ដិ សុខឯកជន បានប្រព្រឹត្តបទល្មើសដោយផ្ទាល់ និងសមគំនិតជាមួយឧក្រិដ្ឋជនប្រព្រឹត្ត បទល្មើស ជាហេតុបង្កឱ្យមានហានិភ័យ ដល់គោលដៅសំខាន់ៗ និងងាយរងគ្រោះបំផុតនៅ តាមគ្រឹះស្ថានឯកជន ដែលមានភ្នាក់ងារសន្ដិសុខឯកជនឈរជើង ទោះបីក្រុមហ៊ុនភាគច្រើន មានការគ្រប់គ្រងបានល្អក្ដី ប៉ុន្ដែក៏ទទួលរងគ្រោះដោយសារបុគ្គលិកសន្ដិសុខមួយ ចំនួនផងដែរ។
ឯកឧត្តមបានលើកឡើងថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានស្រាវជ្រាវបង្ក្រាបបាននូវភ្នាក់ងារសន្ដិសុខឯកជនចំនួន៨នាក់ ដែលប្រើប្រាស់អាវុធខុស ច្បាប់ ដោយក្លែងខ្លួនជានគរបាលជាតិ និងយោធិនឈរជើងនៅតាមបណ្ដាធនាគារ និងគ្រឹះ ស្ថានមួយចំនួន។ ជាមួយគ្នានេះដែរ បណ្ដាក្រុមហ៊ុនសន្ដិសុខឯកជនទាំងអស់ គួរតែបញ្ជូន ភ្នាក់ងាររបស់ខ្លួន ឱ្យមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដើម្បីឱ្យភ្នាក់ងាររបស់ខ្លួនទទួលបាននូវបទពិសោធន៍ និងចំណេះផ្សេងៗ ដើម្បីបង្កើនសមត្ថ កិច្ចបន្ថែមទៀត ។
សូមជម្រាបថា កន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបំប៉ន ជំនាញភ្នាក់ងារសន្ដិសុខឯកជន បានចំនួន៦វគ្គរួចមកហើយ ដោយសង្កេតឃើញថាភ្នាក់ងារ សន្ដិសុខឯកជន ដែលទទួលបានការបំប៉ន និងសិក្សារួចមកហើយ ពួកគាត់បានយល់យ៉ាង ច្បាស់អំពីតួនាទី ភារកិច្ច និងការចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាយល់ដឹងពីច្បាប់ និងក្រមសីលធម៌ច្បាស់លាស់ផងដែរ ៕

ដោយ ចាន់ សុធីវង្ស