ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០១៨​ បញ្ចប់ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ — ព្រឹត្តិការណ៍កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេក ទេសជ្រើសរើសជើងឯក ថ្នាក់ ជាតិទូទាំងប្រទេសបានប្រកាសបិទបញ្ចប់ដោយជោគជ័យហើយ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានកីឡដ្ឋានជាតិ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល​៩ថ្ងៃកន្លង​មក។ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់ និងបំផុសសកម្មភាពអប់រំកាយ និងកីឡា ដើម្បីឱ្យសិស្សនិស្សិត​មាន ឱកាសចូលរួមគាំទ្រសកម្មភាពកីឡាឱ្យបានកាន់តែខ្លាំងក្លា ក្នុងគោលដៅបង្កើនបច្ចេក​ទេស ដល់ធនធានកីឡាករ កីឡាការិនីជាតិឱ្យបានកាន់តែល្អប្រសើរឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ឯកឧត្តមបានអះអាងថា ចាប់ពីឆ្នាំ២០១៩តទៅ ក្រសួង នឹងកែទម្រង់សម្រាប់ការប្រកួតនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះឱ្យទៅជា ការប្រកួតពហុកីឡាសិស្សថ្នាក់ជាតិ (National School Games) និងពហុកីឡានិស្សិតថ្នាក់ជាតិ (National University Games) រៀងរាល់២ឆ្នាំម្តង នៅចន្លោះព្រឹត្តិការណ៍កីឡាជាតិ ដែលធ្វើ រៀង​រាល់២ឆ្នាំម្តងដែរ។
ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា លោក ឌួង មាសចំរើន បានលើកឡើងថា នៅក្នុងចំណោម២២គ្រឹះស្ថានឧត្តមសិក្សា និង មធ្យមសិក្សាដែលបានចូលរួមឆ្នាំនេះ គឺចំណាត់ថ្នាក់លេខ១ បានទៅលើសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលឈ្នះមេដាយមាសចំនួន១៦គ្រឿង មេដាយប្រាក់៦គ្រឿង និងសំរឹទ្ធិ៣ សរុប ២៥គ្រឿង។ លេខ២ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មេដាយមាស ៣ ប្រាក់៨ និងសំរឹទ្ធិ៧ សរុប១៨គ្រឿង និងលេខ៣ វិទ្យាស្ថាន CamEd មេដាយមាស២ ប្រាក់២ និងសំរឹទ្ធិ៦ សរុប១០គ្រឿង ស្របពេលដែល៥គ្រឹះស្ថានផ្សេងទៀតឈ្នះមេដាយមាស១វិញ្ញាសាដូចៗគ្នា និងក្រៅពីនេះមិនទទួលបានមេដាយមាសឡើយ។

ក្នុងឋានៈជាម្ចាស់មេដាយច្រើនលើសបំផុត លោក ពៅ ហុក គ្រូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប មានលើកឡើងក្នុងនាមថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់ខ្លួនថា លោកពិត​ជាសប្បាយរីករាយណាស់ ដែលជោគជ័យដ៏ធំធេងនេះបានកើតចេញពីការខិតខំហ្វឹកហាត់ និងប្រកួតរបស់កីឡាករ កីឡាការិនីទាំងអស់ ក្រោមការលើកទឹកចិត្តយ៉ាងខ្លាំងពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល ឌួង លាង ដែលធ្វើឱ្យយើងឈ្នះមេដាយច្រើន និងឈរនៅលើ កំពូល​តារាងមេដាយនៃព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ៕

ដោយ ហេង ណាលីន