រុស្ស៊ីនិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការក្នុងផ្នែករ៉ែ

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ — សេចក្តីថ្លែងការណ៍មួយពីក្រសួងរ៉ែ និងឧស្សាហកម្មធុនធ្ងន់ម៉ុងហ្គោលីបាននិយាយពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសម៉ុងហ្គោលី និងរុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែករ៉ែជាពិសេសលើការរុករករ៉ែធ្យូងថ្មនៅក្នុងប្រទេសម៉ុងហ្គោលីភាគខាងត្បូង ។

គណៈប្រតិភូម៉ុងហ្គោលី មួយដឹកនាំដោយរដ្ឋមន្ត្រីរ៉ែនិងឧស្សាហកម្មធុនធ្ងន់ លោក Dolgorsuren Sumiyabaza បានធ្វើទស្សនកិច្ចប្រទេសរុស្ស៊ីពីថ្ងៃទី ២៣ ដល់២៥ ខែកញ្ញា ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ក្នុងអំឡុងទស្សនកិច្ចនោះគណៈប្រតិភូបានត្រួតពិនិត្យមើល គម្រោងមួយនៃស្ថានីយ៍ដឹកទំនិញដ៏ធំៗនៅឯកំពង់ផែសមុទ្ររុស្ស៊ី Taman ។

គណៈប្រតិភូនេះនិងពួកមន្ត្រី រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធដែលរួមមានទាំងជំនួយការប្រធានាធិបតី លោក Igor Levitin ផងបាន​ព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការនាំចេញធ្យូងថ្មនៅ Tavan Tolgoi ទៅកាន់ទីផ្សារភាគីទី៣កាត់តាមកំពង់ផែ Taman ។

ជាមួយការបម្រុងទុកសរុបដែលបានប៉ាន់ស្មានចំនួន៦,៤ពាន់លានតោននោះ Taman Tolgoi ដែល ស្ថិតនៅក្នុងខេត្ត Omnogovi ប្រទេសម៉ុងហ្គោលីភាគខាងត្បូង គឺជាស្រទាប់រ៉ែធ្យូងថ្ម ដែលសម្រាប់ដុតនិង កំដៅដែលមិនទាន់បូមយកចេញដ៏ធំបំផុតមួយរបស់ពិភពលោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)