រដ្ឋាភិបាលរុស្ស៊ីគ្រោងនឹងជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន​ ឱ្យដល់២០០ប៊ីលានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០២៤

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ខ្លួនបានគ្រោងនឹងបង្កើនទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយប្រទេសចិន​ឱ្យដល់២០០ប៊ីលានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ​២០២៤ ខណៈដែលទំហំពាណិជ្ជកម្មរុស្ស៊ី-ឥណ្ឌា​ត្រូវបានបង្កើតដល់ជាង៣០ប៊ីលានដុល្លារ​អាមេរិក​​ក្នុងរយៈពេលដូចគ្នានេះដែរ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយផ្តោតទៅលើវិស័យសំខាន់ៗ នៃសកម្មភាពនានារបស់ខ្លួនរហូតដល់ឆ្នាំ២០២៤ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងចិន​បានគ្រោងនឹងបង្កើនដល់២០០ប៊ីលានដុល្លារអាមេរិក​ ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងឥណ្ឌា​បានគ្រោងនឹង ដំឡើងដល់ ៣០ប៊ីលានដុល្លារអាមេរិក​។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា​ ការវិនិយោគចិននៅក្នុងវិស័យពាណិជ្ជកម្មរុស្ស៊ី​ត្រូវ​បាន​គេរំពឹងថា នឹងត្រូវបានកើនឡើងដល់១៥ប៊ីលានដុល្លារអាមេរិក។ តាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងមជ្ឈិមបូព៌ា និងបណ្តាប្រទេសនៅអាហ្រ្វិកខាងជើង បានគ្រោងបង្កើនដល់៥០ប៊ីលានដុល្លារអាមេរិក ខណៈដែលទំហំពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ី នៅបណ្តាប្រទេសអនុតំបន់សាហារ៉ា អាហ្រ្វិក បានគ្រោងនឹងបង្កើនដល់៧ប៊ីលានដុល្លារ អាមេរិក​។

ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងបណ្តាប្រទេសនៅអាមេរិកឡាទីន​ត្រូវបានគ្រោងនឹង​ជំរុញឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក​។ តាមទិន្នន័យផ្លូវការបានឱ្យដឹងថា​ ពាណិជ្ជកម្មរុស្ស៊ី-ចិន​បានកើនឡើងដល់២០.៨ស្មើនឹង​ ៨៤ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំ២០១៧។​ ក្រសួងសេដ្ឋកិច្ចចិន បាននិយាយកាលពីខែ ឧសភាថា ពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៊ីអាចកើនលើសដល់ទៅ១០០ប៊ីលានដុល្លារអាមេរិក​នៅក្នុងឆ្នាំ២០១៨នេះនឹងកើនដល់ទៅ២០០ប៊ីលានដុល្លារអាមេរិកនាឆ្នាំ២០២០ខាង មុខនេះ៕

( ប្រភព Sputnik បកប្រែដោយលោក មាស សំអុល )