វៀតណាម និងឡាវធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មតាមបណ្តោយព្រំដែន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ២៧ ខែកញ្ញា សន្និសីទកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មតាមបណ្តោយព្រំដែនរវាងវៀតណាម និងឡាវ លើកទី ១១ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Dong Hoi ខេត្ត Quang Binh។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បាននិយាយថា ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីពិភាក្សាអំពីវិធីបង្កើនពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងវៀតណាម និងឡាវ ឆ្ពោះទៅរកស្ថិរភាព និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងស្របទៅតាមភាពជាអ្នកជិតខាងពិសេសរបស់ប្រទេសទាំងពីរនិងស្របទៅតាមស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។

លោកបាននិយាយថា ចាប់តាំងពីសន្និសីទលើកមុនមក ប្រទេសទាំងពីរបានមើលឃើញនូវជំហានថ្មីនៃកិច្ចអភិវឌ្ឍន៍នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេ ពិសេសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

ក្នុងឆ្នាំ ២០១៧ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានដល់តម្លៃប្រមាណជិត ៩៣៦លានដុល្លារអាម៉េរិក ពោលគឺកើនឡើង ១៣,៦ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១២,៩ភាគរយ ស្មើនឹងជិត ៦៥៦លានដុល្លារអាម៉េរិក។

លោក Khanh បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាម និងឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអនុស្សរណៈនៃការយោគយល់ជាច្រើន ស្តីពីការវិនិយោគការដឹកជញ្ជូន ការពារសន្តិសុខ កសិកម្ម ការបង្កើតមូលដ្ឋានច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួន។

លោក Bounmy Manivong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បាននិយាយថា នាយកដ្ឋាននាំចេញ-នាំចូលរបស់វៀតណាម និងឡាវ បានធ្វើការយ៉ាងជិតស្និទ្ធដើម្បីរៀបចំការស្វែងរកមធ្យោបាយដើម្បីជំរុញ លើកទឹកចិត្ត និងសម្របសម្រួលការអភិវឌ្ឍពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

លោកបានស្នើឱ្យវៀតណាម និងឡាវ ធ្វើការពិភាក្សា និងឈានដល់ការព្រមព្រៀងលើគោលនយោបាយ និងបទបញ្ជានានា ដើម្បីសម្របសម្រួលដល់កិច្ចអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែន ខណៈដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ទីផ្សារនៅតាមព្រំដែន និងការធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនានា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)