ធនាគារកម្ពុជាសាធារណៈ បង្ហាញអំពីវឌ្ឍនភាព និងបន្ដពង្រីកបណ្តាញសាខាបន្ថែមទៀតនៅ កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ -ធនាគារកម្ពុជាសាធារណៈ បង្ហាញអំពី​វឌ្ឍន​ភាព និងទិសដៅសកម្មភាពរបស់ធនាគារ​ដែល ត្រូវបន្តអនុវត្តន៍នាពេលខាងមុខ ដែលនឹងបន្តពង្រីកបណ្តាញសាខាបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីមើលឃើញ​ថាកម្ពុជា​កាន់តែមានបរិយាកាសអំណោយផលល្អ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃ​កម្ពុជា  កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅធនាគារជាតិនៃកម្ពុជា លោក លោក Tan Sri Dato’ Sri Tay Ah Lek ប្រធានគ្រប់គ្រងរួម និងនាយកប្រតិបត្តិ​ធនាគារសាធារណៈ ម៉ាឡេស៊ី បានបញ្ជាក់ថា ធនាគារកម្ពុជា​សាធារណៈ​នឹងបន្តពង្រីក​បណ្តាញសាខាបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីមើលឃើញថាប្រទេសកម្ពុជា​កាន់តែ​មាន​បរិយាកាសអំណោយផលល្អដូចជាបញ្ហាសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច ស្ថិរភាព​ម៉ាក្រូ​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុល្អប្រសើរ ដែលធ្វើ ឱ្យកាន់តែមាន បរិយាកាសអំណោយ​ផលល្អដល់ការវិនិយោគក្នុងវិស័យធនាគារ។ លោកបាន លើកឡើងថា គណៈប្រតិភូ​ធនាគារកម្ពុជាសាធារណៈ តែងតែមកទស្សនកិច្ចនៅកម្ពុជាជារៀង រាល់ឆ្នាំក្នុង​គោល​បំណងបង្កលក្ខណៈជូនតំណាងធនាគារកម្ពុជាសាធារណៈប្រចាំនៅ ប្រទេស កម្ពុជា ហើយគិតមកដល់ពេលនេះធនាគារកម្ពុជាសាធារណៈមានវត្តមាននៅកម្ពុជា អស់រយៈ ពេល២៦ឆ្នាំហើយ ក្នុងនោះធនាគារកម្ពុជាសាធារណៈក៏បានពង្រីកសាខារបស់ខ្លួនបាន រហូត ដល់ ៣១សាខានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានស្វាគមន៍ ចំពោះដំណើរ ទស្សនកិច្ចរបស់ធនាគារសាធារណៈម៉ាឡេស៊ី និងកោតសរសើរចំពោះធនាគារកម្ពុជា សាធារណៈ ដែលទទួលបានជោគជ័យក្នុងការវិនិយោគនារយៈពេលកន្លងមក។ ឯកឧត្តម​ក៏ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលកម្ពុជា​នៅក្នុង​ការរក្សាកំណើនប្រកប ដោយចីរភាព និងបរិស្ថានវិនិយោគអំណោយ​ផលដល់​វិនិយោគិន​នៅកម្ពុជាឱ្យគណៈប្រតិភូ​ធនាគារកម្ពុជាសាធារណៈបានដឹង និងបានយល់​កាន់តែច្បាស់ផងដែរ។​

ទន្ទឹមនឹងនេះ ឯកឧត្តមទេសាភិបាលធនាគារជាតិនៃកម្ពុជាសង្ឃឹមថា សកម្មភាពរបស់ ធនាគារកម្ពុជាសាធារណៈនឹងទទួលបានការរីកចម្រើនរឹងមាំថែមទៀតក្នុងការរកស៊ីរបស់ខ្លួននៅប្រទេសកម្ពុជា៕

ដោយ អ៊ុន រិទ្ធី រូបថត៖ធនាគារជាតិ