ការប្រគុំតន្រ្តីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” នៅខេត្តស្ទឹងត្រែង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ –ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានសហការជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា រៀបចំការប្រគុំតន្រ្តីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” នៅទីរួមខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព ។

នៅក្នុងឱកាសនោះ លោកជំទាវ ព្រំ សុភី មានប្រសាសន៍ថាព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងវិស័យបរិស្ថាន ហើយប្រធានបទសំខាន់ផ្តោតលើពាក្យថា “មេត្រីភាពបរិស្ថាន” សំដៅដល់ក្តីស្រទ្បាញ់ ការចូលរួមទទួលខុសត្រូវ និងភាពស្និទ្ធស្នាលជាមួយមជ្ឈដ្ឋាននៃការរស់នៅរួមមាន ធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូទ្បូស៊ី។ល។ ការចាប់ផ្តើមធ្វើជាគំរូល្អក្នុងការចូលរួមការពារ ថែរក្សាបរិស្ថាន គឺជាមោទនភាពរបស់រូបវន្តបុគ្គល នីតិបុគ្គលដែលបានប្រតិបត្តិផ្ទាល់ និងការចូលរួមសកម្មភាពសង្គមនានា។

ជាមួយគ្នានេះដែរ លោកជំទាវអនុរដ្ឋលេខាធិការបានបញ្ជាក់ថាការបង្កើតកម្មវិធីប្រគុំតន្រ្តីផ្សព្វផ្សាយនេះឡើង ក៏ដើម្បីចូលរួមចំណែកកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថទម្លាប់ល្អ ប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អ បង្កើនការយល់ដឹងដល់សាធារណជនចូលរួមកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព ។

ដោយឡែក លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍ដែលរៀបចំឡើងនៅពេលនេះ គឺមានគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងដល់ប្រតិបត្តិករមេត្រីភាពបរិស្ថាន ជំរុញការចូលរួមកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការអភិរក្សជីវចម្រុះ ។ ទន្ទឹមនឹងនេះ លោកជំទាវអគ្គនាយកបន្តថា ដើម្បីមេត្រីភាពបរិស្ថាន ត្រូវចេះស្រទ្បាញ់បរិស្ថានជុំវិញខ្លួន ហើយចូលរួមទទួលខុសត្រូវលើបញ្ហាបរិស្ថាន។ គប្បីយកចិត្តទុកដាក់សម្អាតសំរាមឱ្យបានត្រឹមត្រូវ ចូលរួមការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ដើម្បីឱ្យការរស់នៅប្រកប ដោយចីរភាព។

សូមបញ្ជាក់ថា កម្មវិធីបញ្ជ្រាបមេត្រីភាពបរិស្ថាន នៅក្រុងស្ទឹងត្រែង មានការចូលរួមពីសាធារណជន អាជ្ញាធរដែនដី មន្ទីរជំនាញ ក៏ដូចជាប្រតិបត្តិករមេត្រីភាពបរិស្ថាន រួមជាមួយនឹងការចូលរួមច្រៀង សម្តែងពីក្រុមតន្រ្តីសម័យ និងក្រុមកំប្លែង សកម្មភាពបញ្ជ្រាបចំណេះដឹងបរិស្ថានផ្សេងៗ តាមរយៈការសម្តែងបទចម្រៀង ការផ្សព្វផ្សាយវីដេអូឯកសារ សម្រាប់ពង្រឹងការយល់ដឹង និងការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានទាំងអស់គ្នា៕

ដោយ ទេស ច័ន្ទសុធារី