លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្ដសារ៉ាវ័នតេជោ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ ជាមួយពុទ្ធបរិស័ទនៅវត្តសារ៉ាវ័នតេជោ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាឱ្យកាន់តែរុង រឿងរីកចម្រើនបន្ថែមទៀត។

   

ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ឯកឧត្តម និងលោកជំទាវ តែងតែអញ្ជើញចូលរួមធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំងបាននាំយក នូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គនិងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដានដែលបានចែកឋានទៅ កាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។ មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់ កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះលោកជំទាវ ក៏ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខ សេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ។

នៅក្នុងឱកាសអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី៣នេះ លោកជំទាវ និងមន្ដ្រីរាជការក្រោមឱវាទ ក៏បាននាំមកនូវទេយ្យទាន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខមក ប្រគេនព្រះសង្ឃរួមមាន៖ សាដក ទឹកក្រូច ទឹកបរិសុទ្ធ ទឹក ដោះគោខាប់ ស្ករស ត្រីខ មី អង្ករ និងបច្ច័យសម្រាប់កសាងវត្ត ព្រមទាំងចែកជូន តាជី យាជី និងពុទ្ធបរិស័ទ ដែលអញ្ជើញមកចូលរួមក្នុង ពិធីបុណ្យកាន់បិណ្ឌវេនទី៣នេះផងដែរ។

ក្នុងឱកាសនោះ លោកជំទាវក៏នាំយកនូវបច្ច័យ សម្រាប់ប្រគេនព្រះសង្ឃ ចំនួន៣០០អង្គ ក្នុង១អង្គ ៥ម៉ឺនរៀល និងសាដក១។ តាជី យាយជី ១០០នាក់ ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល។ និស្សិតស្នាក់នៅរៀនសូត្រ២២០នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ដោយឡែកបច្ច័យសម្រាប់កសាងវត្ដសារ៉ាវ័នតេជោ មានចំនួន១២លានរៀល និង២ពាន់ដុល្លារអាម៉េរិក៕

ដោយ សួស សំរិត