ក្រពើភ្នំទម្ងន់១៧០គីឡូក្រាម ដែលអ្នកនេសាទចាប់បាននៅក្នុងស្ទឹងមេទឹកឃុំថ្មដា បានយកទៅលែងនៅកន្លែងដើមវិញហើយ

AKP ពោធិ៍សាត់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ — លោក ហេង សុភាណា អភិបាលស្រុកវាលវែង សហការជាមួយមន្ត្រីអភិរក្សសត្វ ព្រៃជួរភ្នំក្រវាញភាគកណ្តាល មន្ត្រីបរិស្ថាន និងប៉ូលិសវរការពារព្រំដែន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បាននាំយកសត្វក្រពើភ្នំមានទម្ងន់១៧០គីឡូក្រាម ដែលអ្នកនេសាទចាប់ បាននៅក្នុងស្ទឹងមេទឹកឃុំថ្មដា បានយកទៅលែងនៅកន្លែងដើមវិញហើយ។ លោកអភិបាលស្រុក និងមន្រ្តីការពារព្រៃឈើនិងសត្វព្រៃបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ទំាងអស់ ត្រូវចូលរួមថែរក្សាសត្វព្រៃឱ្យបានគង់វង្សល្អ មិនត្រូវបរបាញ់ឬ ដាក់អន្ទាក់ចាប់ ឡើយ។

លោក មឿន​ មីន​ ជាអ្នកនេសាទ​បានឱ្យដឹងថា​ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ រូបគាត់បានទៅរាយមងរកត្រី​នៅចំណុចស្ទឹងមេទឹកកើតហេតុខាងលើ​ លុះព្រឹកឡើង​ថ្ងែទី២៥ ខែកញ្ញា ឆ្នាំ២០១៨ រូបគាត់ក៏ទៅដោះមង​ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមាន សភាពរើ បម្រាស់ខ្លាំង​ ទើបដឹងថាជាប់សត្វក្រពើដ៏ធំមួយក្បាល​មានទម្ងន់ប្រហែលជិត២០០ គីឡូក្រាម នេះ។ រូបគាត់បានរាយការណ៍មកសមត្ថកិច្ច​ឱ្យជួយអន្តរាគមន៍​ លើកក្រពើរមួយក្បាលនោះមកទុកនៅប៉ូលិសវរការពារព្រំដែនគោក៨២៥។

ក្រុមអភិរក្សសត្វព្រៃជួរភ្នំក្រវាញភាគកណ្តាលឱ្យដឹងថា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់មានសត្វជីវៈចម្រុះនៅសល់ច្រើន ហើយដែលកំពុងធ្វើការអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត៕

ដោយ ណៅ ធឿន