លោក លៀម ប៊ុនរឿន៖ ប្រជាពលរដ្ឋត្រូវឈ្វេងយល់ឱ្យបានច្បាស់ពី ផលប្រយោជន៍នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដើប្បីបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី

AKP ពោធិសាត់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយ កម្មសំណង់និងសុរិយោដី ខេត្តពោធិ៍សាត់សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវឈ្វេងយល់ឱ្យបានច្បាស់អំពីផលប្រយោជន៍ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ និងចូលរួមជាមួយ មន្ត្រីជំនាញ និងអាជ្ញាធរដែនដីឱ្យបាន៥ដំណាក់កាល ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។​

លោក លៀម ប៊ុនរឿន លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយបិទប្រកាស ផ្សាយ​ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ នៅភូមិកណ្តាល ភូមិសម្រោង ភូមិត្រពាំងស្មាច់ និងភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

​សូមបញ្ជាក់ថា ភូមិទាំង៤​នេះមានផ្ទៃដីជាង៤០០ហិកតា ស្មើនឹង១៩០៧ក្បាលដី ក្នុងនោះដីលំនៅឋាន៧៩៩ ក្បាលដី ដីសម្រាប់កសិកម្ម៨៤៨ក្បាលដី និងក្រៅពីនោះគឺជា ដីរួមភូមិ ដីវត្ត ដីទួលអ្នកតា ដីកប់ខ្មោច​និងដីម្ចាស់មិនមក បំពេញទិន្នន័យ៕

ដោយ ណៅ ធឿន