សិក្ខាសាលាស្តីពីលទ្ធផលការងារសម្រេចបាននាពេលកន្លងមក និងទិសដៅការងារបន្តរបស់កម្មវិធីសម្បទានដីសង្គមកិច្ច

AKP ពោធិ៍សាត់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដេនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានអញ្ជើញ ចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្តីពីលទ្ធផលការងារសម្រេចបានកន្លងមក និងទិសដៅការងារបន្ត របស់កម្មវិធីសម្បទានដីសង្គមកិច្ច នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសណ្ឋាគារសេនជូរី ខេត្តពោធិ៍សាត់។

ពិធីនេះរៀបចំឡើងដោយនាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃអគ្គនាយកដ្ឋាន លំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានការចូលរួមផងដែរ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធ មកពីបណ្តាខេត្តទាំង១៧ ដែលមានដីសម្បទានសង្គមកិច្ច។

ឆ្លើយតបតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សម្បទានដីសង្គមកិច្ច នៅតែបន្តសកម្មភាពតាមកម្មវិធីសំខាន់ចំនួន៤ ដូចជា៖ ១-សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ស៊ីវិលទូទៅ។ ២-សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ ៣-ការអភិវឌ្ឍ តាម បណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ស្វាយរៀង និងខេត្តស្ទឹងត្រែង ដែលការងារនេះ ផ្តោតលើការសាងសង់ផ្ទះ ជូនគ្រួសារយោធិន និងនគរបាល ដែលឈរជើងការពារនៅតាមបណ្តោយព្រំដែន និង៤-គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ ជាគម្រោងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ ដែលរៀបចំដោយអន្តរក្រសួងចំនួន៣ បានអនុវត្តន៍ក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តក្រចេះ កំពង់ធំ ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ៕

ដោយ ណៅ ធឿន