លោកជំទាវ ឌី សុខីទីឃាយុកោ ប្រគល់ផ្ទះទេវតាពីរខ្នង ដល់ទុរគតជន ជនចាស់​ជរា​គ្មាន​ទីពឹង​នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត រួមដំណើរជាមួយក្រុម ការងារមនុស្សធម៌បានប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ 
លោកជំទាវ ឌី សុខីទីឃាយុកោ មានប្រសាសន៍ពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ពិសេសប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្រ្តីម៉េម៉ាយ ជនចាស់ជរាគ្មានទីពឹង។

លោកជំទាវបន្តថា ផ្ទះលេខ២៤៨ ប្រគល់ជូនអ្នកមីង សុ ភី អាយុ ៥៧ឆ្នាំ រស់នៅភូមិត្រពាំងគៀ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ២.ផ្ទះលេខ ២៤៩ ប្រគល់ជូនលោកយាយ កែវ ស៊ុន អាយុ ៨៣ឆ្នាំ រស់នៅភូមិត្រពាំងចូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្ទះទេវតាទាំង ០២ខ្នងខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
ទុរគតជនដែលទទួលបានផ្ទះទេវតាទាំង០២ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួមមាន៖ សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ សម្លៀកបំពាក់ និងថវិកាមួយចំនួនទៀត។ ដោយឡែកប្រជាពលរដ្ឋ សិស្សានុសិស្សដែលមកចូលរួមក៏បានទទួលអំណោយសម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្ភារសិក្សា និងនំកញ្ចប់ផងដែរ៕

ដោយ ងូ សុមុនី