អាជ្ញាធរក្រុងសិរីសោភ័ណ នឹងចាត់វិធានការទៅលើម្ចាស់ដី ដែលបានពុះដីឡូត៍លក់មិនមានការសុំច្បាប់ត្រឹមត្រូវ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ — ​អាជ្ញាធរក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការទៅលើម្ចាស់ដីដែល បានពុះដីឡូត៍ដើម្បីលក់ដោយមិនមានការសុំអនុញ្ញាតច្បាប់ បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់លើអ្នក លក់ដីឡូត៍ទាំងឡាយ ករណីលក់ដីឡូត៍ខ្យល់ ឬលក់ដីឡូត៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ នោះ។​


​ នៅកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងនៅព្រឹកថ្ងៃព្រហស្បតិ៍៣រោច ខែភទ្រ​​បទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុង​សិរីសោភ័ណ​ បានជំរុញដល់ក្រុមប្រឹក្សា​ក្រុង​ មន្ត្រី​សាលាក្រុង​ កងកម្លាំងសមត្ថកិច្ច​ អាជ្ញាធរមូលដ្ឋាន​ ភូមិ​សង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត​ឱ្យរួម​សហការគ្នាចុះអនុវត្តន៍ជាបន្ទាន់លើការងារនេះឱ្យមានតម្លាភាពនិងប្រសិទ្ធភាព។​ ក្នុងនោះ ចាត់មន្ត្រីក្រោមឱវាទ​ ត្រូវធ្វើការចុះពិនិត្យឱ្យបានជាប្រចាំ​ ចុះស្រង់ឈ្មោះ​ម្ចាស់ទីតាំងដីឡូត៍ ទាំងមានច្បាប់និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទាំងអស់ក្នុងក្រុងដើម្បីឱ្យ​ម្ចាស់ដីឡូត៍ ដែលមិន ទាន់មានច្បាប់អនុញ្ញាតមកសុំច្បាប់ឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេអាជ្ញាធរនឹង ចាត់វិធានការទៅតាមផ្លូវ​​ច្បាប់​។

លោកអភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា កន្លងមកម្ចាស់ដីនៅក្នុងក្រុងសិរីសោ​ភ័ណ​ មានការ​ព្រួយបារម្ភពីការលក់ដី ហើយមិនទាន់ទទួលបានការបង់ប្រាក់គ្រប់ចំនួន​ បែរជាឈ្មួញ​ដែលបានទិញ យកទៅពុះដីឡូត៍លក់បន្ត ដើម្បីបានប្រាក់ចំណេញ​ ដោយមិនបានធ្វើសុំច្បាប់ឱ្យបានត្រឹមត្រូវឡើយ​ ធ្វើឱ្យមានការប្តឹងផ្តល់គ្នាជាបន្តបន្ទាប់​។
លោកបន្តថា ​ជាគោលការណ៍ច្បាប់ភូមិបាលបានផ្តល់កម្មសិទ្ធិហើយរាជ រដ្ឋាភិបាលបានរៀបចំប្រព័ន្ធចុះបញ្ជីគឺ ទី១.​ មានការចុះបញ្ជីជាប្រព័ន្ធ បន្ទាប់មកគោលដៅ អនុវត្តន៍ទូទាំងព្រះរាជាណាចក្រកម្ពុជា, ទី២.​ការចុះបញ្ជីដាច់ដោយឡែក។ លោកអភិបាល ក្រុងសិរីសោភ័ណក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែពិនិត្យមើលមុននឹងទិញដីថាដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវហើយជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់។

គួរបញ្ជាក់ថា ក្រោយពីមានភាពរីកចម្រើនលើវិស័យអចលទ្រព្យពិសេសការ ពុះដីឡូត៍លក់​ ដែលចំណុចទាំងនេះ បានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង ពីសំណាក់អាជ្ញាធរ​ ដោយអាជីវកម្មពុះដីឡូត៍លក់នេះ​ ខ្លះមានច្បាប់អនុញ្ញាតត្រឹមត្រូវ​ និងមួយចំនួនទៀត មិនបានធ្វើការអនុញ្ញាតច្បាប់។ នៅក្នុងខេត្តបន្ទាយមានជ័យ​ ពិសេសនៅក្នុង ក្រុងសិរីសោភ័ណ​ មានទីតាំង​ពុះដីឡូត៍លក់ជាង៤០ទីតាំង​៕

ដោយ ឈុន សារ៉ាត