ជម្រើសជាតិកីឡាវាយសីកម្ពុជាទទួលបានការឧបត្ថម្ភក្នុងការចេញទៅប្រកួតយុវជនអូឡាំពិក នៅប្រទេសអាហ្សង់ទីន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — យុវជនកីឡាវាយសីជម្រើសជាតិកម្ពុជាទទួលបានការជួយ ឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈ Pocari Sweat ដែលនឹងត្រូវចូលរួមប្រកួតកីឡាយុវជនអូឡាំពិក លើកទី៣ នៅទីក្រុងប៊ុយណូស​អ៊ែរេស ប្រទេសអាហ្សង់ទីន នាខែតុលា ឆ្នាំ២០១៨ខាងមុខ។
អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា លោក ជាម សុភា អះអាងថា ការចូលរួម​របស់កម្ពុជាក្នុងយុវជនអូឡាំពិកនេះ គឺមាន៣ប្រភេទកីឡា ដែលមានវាយសី ហែលទឹក និងចំបាប់ ហើយកីឡាវាយសីបញ្ជូនយុវជនម្នាក់ទៅប្រកួតជាលើកទី១របស់ខ្លួន នៅក្នុងព្រឹត្តិ ការណ៍កម្រិតពិភពលោកនេះមានប្រទេសចំនួន២០៥។ យុវជន វ៉ាត វាន់ថុន ត្រូវបានសម្រិត សម្រាំងចេញពីក្នុងយុវជនចំណោម១៥នាក់ និងនៅសល់៤នាក់ចុងក្រោយ ដែលបញ្ជូនទៅ ប្រកួតលក្ខណៈអន្តរជាតិ ហើយ វ៉ាត វាន់ថុន ជាការសម្រេចចិត្តរបស់គណៈកម្មការ អូឡាំពិក អន្តរជាតិIOC។

កីឡាករថ្នាល វ៉ាត វាន់ថុន ធ្លាប់បានចូលរួមប្រកួតអន្តរជាតិជាច្រើនលើក មកហើយ ប៉ុន្តែលើកនេះ គឺជាការប្រកួតកម្រិតពិភពលោក ហើយលោករំពឹងថា យុវជនថ្នាល វាយសីរូបនេះនឹងអាចឈ្នះប្រកួតខ្លះពីប្រទេសមួយចំនួនទោះបីជាមិនរំពឹងទទួលបានមេដាយ ក៏ដោយ ប៉ុន្តែនេះគឺជាក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើក​ទី​៣២ នាឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះ លោកបានសម្តែងការដឹងគុណចំពោះក្រុមហ៊ុន ភេសជ្ជៈ Pocari Sweat​ ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់ការចូលរួមយុវជន អូឡាំ ពិកនៅអាហ្សង់ទីន នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ។
លោក Massai តំណាងក្រុមហ៊ុន Pocari Sweat បានឱ្យដឹងដែរថា ដោយបានមើល ឃើញពីការខិតខំ និងភាពរីកចម្រើន ក្នុងវិស័យកីឡាកម្ពុជាជាមួយនឹងឆន្ទៈខ្ពស់ក្នុងការលើក ទឹកចិត្តផងដែរនោះទើបក្រុមហ៊ុនរបស់លោក​បានសម្រេចចិត្តជួយឧបត្ថម្ភដល់យុវជនជម្រើស ជាតិវាយសីកម្ពុជា គឺកីឡាករ វ៉ាត វាន់ថុន ដែលនឹងចេញទៅប្រកួតកីឡា​យុវជន​អូឡាំពិក នាខែតុលា ខាងមុខ៕

ដោយ ហេង ណាលីន