នាយករដ្ឋមន្រ្តី ឆែក រង់ចាំធ្វើការងារជាមួយសម្តេចតេជោហ៊ុនសែនក្នុងពេលអនាគត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ឯកឧត្ដមអាន់ដ្រេ បាប៊ីសនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកបានអះអាងថាឯកឧត្ដមរង់ចាំធ្វើការងារជាមួយសម្តេចហ៊ុនសែនក្នុងពេលអនាគត ក្នុងខណៈឯកឧត្ដមត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសារជាថ្មី របស់ប្រទេសឆែក។

ក្នុងសារលិខិតរបស់ឯកឧត្ដមអាន់ដ្រេ បាប៊ីសផ្ញើជួនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានខ្លឹមសារថា ខ្ញុំ ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលិខិតរបស់សម្តេច និងការអបអរសាទរចំពោះខ្ញុំដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសារជាថ្មី និងចំពោះការបោះឆ្នោតសភាសម្រាប់ រដ្ឋាភិបាលថ្មីរបស់ប្រទេសឆែក។

សារលិខិតបន្តថាខ្ញុំសូមផ្ញើជូននូវការអបអរសាទរដ៏ស្មោះស័្មគ្ររបស់ខ្ញុំ ជូនចំពោះសម្តេចដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមបញ្ជាក់ឡើងវិញពី សេចក្តីរីករាយរបស់ខ្ញុំ ចំពោះទំនាក់ទំនងមិត្តភាពដែលចងភ្ជាប់ប្រទេសយើងទាំងពីរ។

ឯកឧត្ដមអាន់ដ្រេ បាប៊ីស បានបញ្ជាក់ថាក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក ខ្ញុំនឹងយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះការវិវឌ្ឍដ៏ជោគជ័យនៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងការពង្រឹងចំណងទាក់ទងរបស់ប្រជាជនយើង។ខ្ញុំរង់ចាំធ្វើការងារជាមួយសម្តេចក្នុងពេលអនាគត៕