ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ

AKP កែប ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨​​ — ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ត្រូវបានរៀបចំ ឡើងនាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅឯសណ្ឋាគាររ៉ុករូយ៉ាល ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ងិន ងិនដា​​ អភិបាលរងខេត្តកែប ព្រមទាំងមានការចូលរួមពីស្ថាប័ន​ អង្គភាពជំនាញចំនួន០៨ខេត្ត មក ចូលរួមផងដែរ។
ឯកឧត្តម នុត ច័ន្ទសុខា បានគូសបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យកសិកម្ម រាជរដ្ឋាភិបាលបានបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ដែលនឹងជួយបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម ក៏ដូចជាជួយបង្កើនចំណូល ដល់ប្រជាកសិករ។ ជាមួយនេះ រដ្ឋាភិបាលបានកំណត់យកផលិតផលកសិឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក ជាអាទិភាពមួយក្នុងវិស័យអាទិភាពទាំង៥ នៅក្នុងគោនយោបាយអភិវឌ្យន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានគោល ដៅសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យ បាន១២ភាគរយ នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។

ឯកឧត្តមបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ យើងបានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹងខ្ពស់ ទូលំទូលាយ មានសមត្ថភាព ស្រាវជ្រាវ ច្នៃប្រឌិត និងមានជំនាញបច្ចេកទេសច្បាស់លាស់។ រាជរដ្ឋាភិបាលតាំង ពីដើមរៀងមក ជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព និងជាកូនសោរគន្លឹះ ដ៏សំខាន់សម្រាប់ការលើកកម្ពស់ផលិតភាពការងារ ដើម្បីធានាភាពជោគជ័យនៃដំណើរការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ សម្រាប់នីតិកាលទី៦នេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាន បានកំណត់នូវអាទិភាពចំនួន៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ហើយបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី១ គឺការអភិវឌ្ឍធនធានមនុស្សរួមមាន៖ ទី១-ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២-ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ៣-ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ, ៤-ការពង្រឹងសមត្ថភាពយេនឌ័រ និងការគាំពារសង្គម។ ពិសេសការកសាងសមត្ថភាព និងការអភិវឌ្ឍធនធាន មនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ ញឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសទាំងក្នុងពេលចំពោះមុខ និងទៅអនាគត។

​​​ សូមបញ្ជាក់ថា ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំនេះ ត្រូវបានរៀបចំឡើង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវប្រព្រឹត្តឡើង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨៕

ដោយ ប្រាក់ លាង