វៀតណាមរក្សាកំណើនសេដ្ឋកិច្ចខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ — ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានបន្តការអនុវត្តយ៉ាងរឹងមាំរបស់ខ្លួននៅឆមាសទីមួយនៃឆ្នាំ ២០១៨ នេះ បើទោះបីជាមានបញ្ហាប្រឈមនៅខាងក្រៅ និងក្នុងស្រុកមួយចំនួន ដែលអាចប៉ះពាល់ដល់ទស្សនវិស័យកំណើនរបស់ប្រទេសសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយក៏ដោយ។

ធនាគារ ADB បានចេញផ្សាយនូវការធ្វើបច្ចុប្បន្នភាពនៃការបោះពុម្ពផ្សាយសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន ដែលជាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៨ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៦ ខែកញ្ញា។ ប្រទេសវៀតណាមបានរក្សាកំណើន ៧,១ភាគរយ ក្នុងឆមាសទី ១ នៃឆ្នាំ ២០១៨ បើប្រៀបធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៥,៨ភាគរយ។

ក្នុងកំឡុងពេលនេះ មានការកើនឡើងនូវប្រាក់ចំណូលនៃការប្រើប្រាស់ឯកជនដែលកើនឡើងពី ៧,០ភាគរយកាលពីឆ្នាំមុន ដល់ ៧,២ភាគរយ។ ការវិនិយោគឯកជននៅតែមានភាពរឹងមាំ ដែលគាំទ្រដោយមានកំណើនឥណទានខ្ពស់ និងការវិនិយោគផ្ទាល់ពីបរទេស។ បរិមាណនៃការនាំចេញទំនិញ និងសេវាកម្ម បានកើនឡើង ១៥,៧ភាគរយ ពីចំនួន ១៤,៤ភាគរយដែលបានកត់ត្រាកាលពីឆ្នាំ មុន។ ការនាំចេញខ្លាំង ការប្រើប្រាស់ឯកជនក្នុងស្រុក និងការវិនិយោគ បានជួយកាត់បន្ថយក្នុងការប្រើប្រាស់របស់រដ្ឋាភិបាល និងការវិនិយោគសាធារណៈ។

វិស័យសំខាន់ៗភាគច្រើនបានបន្តអនុវត្តយ៉ាងរឹងមាំ។ ទិន្នផលពីវិស័យកសិកម្ម និងសកម្មភាពសម្ព័ន្ធបានកើនឡើង ៣,៩ភាគរយ ធៀបនឹង ២,៧ភាគរយកាលពីឆ្នាំមុន។ ផលិតកម្មឧស្សាហកម្មបានកើនឡើង ៩,៣ភាគរយ ដែលខ្ពស់ជាងឆមាសទីមួយឆ្នាំ ២០១៧ ដែលបានកើនឡើងតែ ៥,៤ភាគរយ។ ដោយមានការកើនឡើងយ៉ាងខ្លាំងពីចំនួនភ្ញៀវទេសចរអន្តរជាតិ វិស័យសេវាកម្មបានកើនឡើងជិត ៧ភាគរយ ដែលដូចគ្នាកាលពីឆ្នាំមុន។

ធនាគារ ADB បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងកើនឡើងដល់ ៦,៩ភាគរយនៅឆ្នាំនេះ ពោល គឺទាបជាង ៧,១ភាគរយដែលបានព្យាករណ៍កាលពីខែមេសា ដោយការនាំចេញផ្នែកកសិកម្ម សំណង់ និងរ៉ែ ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងឆមាសទីពីរនៃឆ្នាំនេះ។ នៅក្នុងឆ្នាំ ២០១៩ វៀតណាមត្រូវបានព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចបាន ៦,៨ភាគរយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)