រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសតែងតំាងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៨ –លោក ហ៊ិន សោភ័ណ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រ   សិល្បៈខេត្តកំពង់ធំ ជំនួសលោក ឆាង កង ដែលត្រូវចូលនិវត្តន៍ នៅព្រឹកថ្ងៃពុធ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្ត្រី ជាច្រើនរូប 

ឯកឧត្តម សុខ លូ បានសម្តែងនូវការអបអរសាទ ចំពោះលោក ហ៊ិន សោភ័ណ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ និងបានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមុន គឺមានការសាមគ្គីភាព ឯកភាពគ្នាបានល្អប្រសើរ ដូច្នេះ សូមលោកប្រធានមន្ទីរថ្មី ត្រូវបន្តថែរក្សានូវកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនេះបន្តទៀត និងធ្វើការដឹកនាំអង្គភាពឱ្យមានការរីកចម្រើន និងល្អប្រសើរ

ឯកឧត្តមបន្ថែមទៀតថា រាល់ការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

លោកជំទាវ ភឿង សកុណា បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំស្រាវជ្រាវ ឈ្វេងយល់ ចងក្រងឯកសារ និងទំនៀមទម្លាប់ វប្បធម៌រូបី និងអរូបី ដែលនៅសេសសល់ពីដូនតា ដើម្បីរួមគ្នាអភិរក្សទុកសម្រាប់ក្មេងៗជំនាន់ក្រោយ និងរក្សានូវតម្លៃវប្បធម៌ខ្មែរ ឱ្យមានភាពល្បីល្បាញលើសកលលោក។

លោកជំទាវបន្ថែមទៀតថា ខេត្តកំពង់ធំ មានភ័ព្វសំណាងណាស់ដែលបានដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នា២០១៧កន្លងទៅនេះ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាមានការកើនឡើង។

បន្ទាប់ពីលោក ឆាង កង អតីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ធ្វើរបាយការណ៍ស្ដីពីសមិទ្ធផលក្នុងអាណត្តិដឹកនាំរបស់លោករួចមក លោក ហ៊ិន សោភ័ណ ដែលទើបទទួលការតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយគោរពអនុវត្តន៍តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល រក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូអភិរក្សវិស័យវប្បធម៌ ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃ និងទទួលយកការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការងាររីកចម្រើន និងជោគជ័យបន្ថែមទៀត៕

ដោយ ស៊ុម វណ្ណា