កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងការអនុវត្តខ្លឹមសារលេខ ០៤៨ក.ជ.អ.ជ ស្តីពីផលិតផលការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ –នៅសាលាខេត្តព្រះសីហនុ មារៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងការអនុវត្តខ្លឹមសារលេខ ០៤៨ក.ជ.អ.ជ ស្តីពីផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ មានសារជាតិដែក ព្រោះវាមានសារៈសំខាន់ក្នុងការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវ ដែលមានជាតិដែក និងពង្រឹងការអនុវត្តស្តង់ដាសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ ក្រោមអធិបតី ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃពុធ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។


   កិច្ចប្រជុំរៀបចំឡើងដោយនាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភក្រសួងផែនការ ក្រោមកិច្ចសហការជាមួយសាលាខេត្ត និងមន្ទីរផែនការខេត្តព្រះសីហនុ ក្នុងគោលបំណងអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពស្លេកស្លាំង និងដើម្បីចូលរួមចំណែកលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា ។
   ឯកឧត្តម ថេង បញ្ញាធន មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយដោយបញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភជាតិដែក គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បង៣គឺ បញ្ហាខ្វះប្រូតេអ៊ីន និងថាមពល , កង្វះជីវជាតិអា និងកង្វះជាតិអ៊ីយ៉ូដ, បញ្ហាកង្វះជាតិដែកបណ្ដាលឱ្យការវិវឌ្ឍន៍ផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺតយ៉ាវ ។ ប្រសិនបើមានកង្វះជាតិដែកកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្ដាយនោះ វានឹងបណ្ដាលឱ្យទារកអាចស្លាប់នៅក្នុងផ្ទៃ ឬទារកកើតមកមិនគ្រប់ទម្ងន់ ហើយវានឹងឈានទៅដល់ការខ្វះលទ្ធភាពក្នុងការចូលរួមចំណែកនៅក្នុងការកសាងសេដ្ឋកិច្ចសង្គមទៀតផង ។


   ឯកឧត្តមបន្តថា គ្រោះថ្នាក់ខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលបានយកចិត្តទុក និងបានដាក់ចេញឱ្យអនុវត្តន៍នូវកម្មវិធីកាត់បន្ថយភាពស្លេកស្លាំង តាមរយៈការបញ្ចូលជាតិដែកទៅក្នុងទឹកត្រី ទឹកស៊ីអ៊ីវ ចាប់ពីឆ្នាំ២០០៥មកម្ល៉េះ ។ ជាលទ្ធផលមកទល់បច្ចុប្បន្ននេះកម្មវិធីកាត់បន្ថយភាពស្លេកស្លាំងត្រូវបាននិងកំពុងអនុវត្តន៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឆ្លងកាត់ឧបសគ្គ នៃការលំបាកជាច្រើនទើបសម្រេចឱ្យក្រុមហ៊ុនផលិតទឹកត្រី ទឹកស៊ីអ៊ីវត្រូវបញ្ចូលជាតិដែក ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ ។


  ឯកឧត្តមក៏បានលើកទឹកចិត្តដល់នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការដែលបានដឹកនាំការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយៈការបញ្ចូលជាតិដែកទៅក្នុងទឹកត្រី ទឹកស៊ីអ៊ីវយ៉ាងសកម្ម និងដោយឆន្ទៈមោះមុតរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ មកដល់សព្វថ្ងៃនេះ ។


  លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានលើកកម្ពស់អាហាររូបត្ថម នៃក្រសួងផែនការដែលបានអនុវត្តន៍កម្មវិធីទឹកត្រី ទឹកស៊ីអ៊ីវមានបញ្ចូលជាតិដែក កាត់បន្ថយភាពស្លេកស្លាំង និងសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមចំណែកជំរុញ និងឧបត្ថម្ភគាំទ្រដល់កម្មវិធីបញ្ចូលជាតិដែកបន្តទៀត  ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ងូ សុមុនី