ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

AKP កំពង់ឆ្នាំង ថ្ងៃទី ខែកញ្ញា ឆ្នាំ២០១៨ –ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធ៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន​២២១គ្រួសារ​ មកពី៥ឃុំ ដែលកំពុងរស់នៅបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពមួយ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ចំពោះប្រជាពលរងគ្រោះធម្មជាតិ ដោយទឹកជំនន់នេះដែលជានិច្ចកាលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជាជានិច្ច។

  ឯកឧត្តម អ៊ុយ សំអាត  បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះគ្រោះថ្នាក់​ជាយថា​ហេតុផ្សេងៗ ដោយគ្រោះទឹកជំនន់ និងត្រូវចេះថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសកុមារ និងចាស់ជរាងាយប្រឈមខ្ពស់ចំពោះសុខភាពនៅពេលទឹកជំនន់នេះ។ ឯកឧត្តមបានបន្តថាឹកទន្លេនៅមិទាន់ស្រកនៅឡើយដែលកំពងតែឡើងក្នុងកម្រិតប្រកាសអាសន្ន ដូចនេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវ ប្រកាន់ខ្ជាប់នូវការហូបស្អាត និងការរស់នៅស្អាត

ឯកឧត្តមបានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅតំបន់ទំនាបសមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីធនធានទឹក និងអ្នកសារព័ត៌មាន សូមយកចិត្តទុកដាក់ និងតាមដានរាល់កម្ពស់ទឹកទន្លេ បើមានការសង្ស័យនៃកម្ពស់ទឹក និងបញ្ហាប្រឈមនានាដោយសារទឹកជំនន់ សូមប្រញាប់រាយការណ៍ជាបន្ទាន់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានជំរុញដល់សមាជិក និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុង ស្រុក ត្រូវបន្តរួមសហការជាមួយអាជ្ញាធរ​ដែនដី សមត្ថកិច្ចពាក់ព័ន្ធទាំង​អស់ត្រូវបង្កើនការយកចិត្ត​ទុ​​ក​ដាក់ នៅ​ពេល​ប្រជាពលរដ្ឋ​រង​គ្រោះ​​ដោយ​ធម្មជាតិ​​ផ្សេងៗ  ឯកឧត្តមបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបង​ប្អូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ហើយទុក្ខលំបាក​របស់បងប្អូនប្រជាពលរដ្ឋ គឺជា​ទុក្ខ​លំបាករបស់រាជរដ្ឋាភិបាល​កម្ពុជា។

អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២២១​​​​​​​​​​​​គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវ១ ឃីត១កញ្ចប់ និងថវិកា ២ម៉ឺនរៀល 

ដោយ បៃ ស៊ីថុន