លោកជំទាវ ចម និម្មល ពន្យល់ដល់គណៈប្រតិភូធុរជនអាម៉េរិក អំពីកាលានុវត្តភាពវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការពន្យល់ ដល់គណៈប្រតិភូធុរជនអាម៉េរិក អំពីកាលានុវត្តភាពវិនិយោគលើវិស័យកសិកម្មនៅ ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការនាំចេញកសិ-ផលិតផលទៅកាន់ទីផ្សារអន្តរជាតិ និងការ ប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលការអភិវឌ្ឍវិស័យឯកជន តាមរយៈការលើកកម្ពស់បរិយាសកាសធុរកិច្ច, វិនិយោគ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានសរសេរ ថា ការពន្យល់របស់លោកជំទាវបែបនេះ បានធ្វើឡើងនាឱកាសដែលលោកជំទាវចូលរួម ក្នុងពិធីបើកកិច្ចប្រជុំ ស្តីពីកាលានុវត្តភាពធុរកិច្ចលើវិស័យកសិកម្មរបស់កម្ពុជា ដែលរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយសភាពាណិជ្ជកម្មអាម៉េរិក នៅកម្ពុជា នាថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានសង្កត់ធ្ងន់អំពី សារៈសំខាន់នៃវិស័យកសិកម្ម និងការរួមចំណែករបស់វិស័យនេះ ទៅក្នុងផលិតផល ក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) ព្រមទាំងបានជម្រាបគណៈប្រតិភូធុរជនអាម៉េរិក អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធ្វើពិពិធកម្ម មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដូចបានកំណត់នៅក្នុងសសរស្តមទី៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពនៃពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា-អាម៉េរិក និងបញ្ហាប្រឈមមួយចំនួនដែលប្រជាកសិករ និងពាណិជ្ជករកម្ពុជាភាគច្រើន បានកំពុងជួបប្រទះ ព្រមទាំងបានស្នើដល់គណៈប្រតិភូធុរជនអាម៉េរិក ពិចារណាវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម ក៏ដូចជាការពង្រឹងសមត្ថភាពវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

លោកជំទាវ ចម និម្មល បានបញ្ជាក់ថា «យើងមានទំនុកចិត្តថា ការវិនិយោគផ្នែកសាធារណៈ និងឯកជន នៅក្នុងសង្វាក់តម្លៃ និងប្រព័ន្ធសុវត្ថិភាពស្បៀង គឺជាធាតុដ៏សំខាន់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍និរន្តរភាពទី២ ស្តីពី «លុបបំបាត់ការអត់ឃ្លាន» និងគោលដៅទី៨ ស្តីពី «អនុលោមការងារ និងកំណើនសេដ្ឋកិច្ច»៕

ដោយ សាយ សុន