រកឃើញជើងខ្លាំងចំនួន៤ក្រុម សម្រាប់ពានរង្វាន់អាឃ្វ័ររៀស (Aquarius Cup) ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បានរកឃើញ​ជើងខ្លាំងចំនួន៤ក្រុម​ពានរង្វាន់បាល់​ទាត់អាឃ្វ័ររៀសប្រចាំឆ្នាំ (Aquarius Cup) ២០១៨ ដែលជាពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស លើកដំបូងនៅ​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា។ កីឡាករចំនួន ៥៦ក្រុម បានចូលរួមការប្រកួត ដណ្តើមពាននេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨មក។ ក្រុមជើងខ្លាំងទាំង៤ ក្រុមនេះ បានឆ្លង​មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមទាំង៤នេះមានឈ្មោះដូចជា ក្រុមឱម៉ាល់ ក្រុមអាណា​ចក្របៃតង ក្រុមពាក់មី និងក្រុម Down Town Sport​។​


ក្រោយពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញ កាលពីចុងសប្ដាហ៍នេះរួចមក និងក្រោម ការ​វាយតម្លៃ​ដ៏សុក្រឹតពីសំណាក់អាជ្ញាកណ្តាលដែលទទួលស្គាល់​ដោយ​សហព័ន្ធកីឡា​បាល់ ទាត់កម្ពុជា បានរកឃើញ​ក្រុមជើងខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រដែលការប្រកួតធ្វើឡើងនៅ​ទីលាន​កីឡា​បាល់ទាត់ V-Soccer ស្ថិតនៅខណ្ឌ​ជ្រោយ​ចង្វារ កាលពីចុងសប្ដាហ៍នេះ។​


សម្រាប់ពានរង្វាន់បាល់​ទាត់អាឃ្វ័ររៀសប្រចាំឆ្នាំ (Aquarius Cup) ២០១៨គឺជ័យលាភី លេខ១ បានទៅលើក្រុមឱម៉ាល់ ទទួលបានទឹកប្រាក់សុទ្ធ ៤.៥០០ដុល្លារ អាម៉េរិក។ ជ័យលាភីលេខ២ បានទៅលើក្រុមអាណា​ចក្របៃតង ទទួលបានទឹកប្រាក់សុទ្ធ ២.២០០ដុល្លារអាម៉េរិក។ ជ័យលាភីលេខ៣ បានទៅលើក្រុម Down Town Sport ទទួល បានទឹកប្រាក់សុទ្ធ១.៥០០ដុល្លារអាម៉េរិក និងជ័យលាភីលេខ៤ បានទៅលើក្រុមពាក់មី ទទួល បានទឹកប្រាក់សុទ្ធ ៧០០ដុល្លារអាម៉េរិក។


លោក មាស វុត្ថា នាយកផ្នែកលក់​ប្រចាំ​ប្រទេសនៃក្រុមហ៊ុនភេសជ្ជៈ​កម្ពុជា​(កូកា-កូឡា)បានមានប្រសាសន៍ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះគឺមានសេចក្តីសោមន្សរីករាយណាស់ ក្នុងការរកឃើញជើងឯកការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស (Aquarius Cup)២០១៨នេះ។ លោកបានបន្ដថា ការប្រកួតពាននេះ មិនត្រឹមតែជាការប្រកួតកីឡាតែប៉ុណ្ណោះទេ តែក៏ជា ឱកាសមួយ​សម្រាប់កីឡាករ​ដើម្បីបញ្ចេញសកម្មភាព និងបង្ហាញពីការឱ្យតម្លៃរបស់ពួក គេចំពោះមិត្តភាព ការងារជាក្រុម សាមគ្គីភាព និងការគោរពគ្នា តាមរយៈចំណង់ចំណូល ចិត្តរបស់ពួកគេចំពោះកីឡាបាល់ទាត់នេះ។ លោកបានបន្ថែមថា អាឃ្វ័រ​រៀស យល់ថាមនុស្ស គ្រប់រូបបំពេញ​ការងារបានល្អបំផុតនៅពេលដែលពួកគេ​មានជាតិទឹកគ្រប់គ្រាន់​ក្នុងសារ​ពាង្គកាយ ។


សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស (Aquarius Cup) គឺជាគំនិតផ្តួចផ្តើម ចុងក្រោយបំផុត​របស់​ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា ដើម្បីចែករំលែកជាមួយប្រជាជន​កម្ពុជានូវភេស ជ្ជៈជាតិរ៉ែ បង្កើនភាព ស្វាហាប់។ អាឃ្វ័ររៀស បំបាត់ភាពស្រែកទឹក និងបំពេញ​ជាតិ​​​ទឹកបាន ឆាប់រហ័ស ដល់រាងកាយ។ ផលិតផល​អាឃ្វ័ររៀសត្រូវបាន​ណែនាំមកទីផ្សារកម្ពុជាលើក ដំបូងនៅក្នុងឆ្នាំ២០១៤ ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយផលិតផលនេះ​ទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជននិយមលេងកីឡា ដែល​ពួកគាត់​កំពុងស្វែងរកប្រភេទភេសជ្ជៈដែលបំពេញជាតិទឹត្រឡប់មករាងកាយវិញសម្រាប់ប្រទេសក្នុងតំបន់អាកាស​ធាតុ​ត្រូ​ពិកដូចកម្ពុជា៕

ដោយ ហេង ណាលីន