រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឱ្យគណៈប្រតិភូធុរជនអាម៉េរិកវិនិយោគលើការ ធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យដល់កម្រិតស្តង់ដារអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើគណៈប្រតិភូធុរជន អាម៉េរិក ដែល​ដឹកនាំដោយ ឯកឧត្តម វីល្លាម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា និងលោក អេឡែន ឌី តាន់ (Allen D. Tan) ប្រធានក្រុមប្រឹក្សាភិបាល សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ធ្វើការវិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មឱ្យបានអតិបរមា។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានសរសេរ ថា ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ខណៈដែលឯកឧត្តមអញ្ជើញ ចូលរួមពិសាអាហារពេលព្រឹក ដើម្បីផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុង វិស័យកសិកម្មកម្ពុជា នាថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិក សហការជាមួយសភា ពាណិជ្ជកម្ម អាម៉េរិកនៅកម្ពុជា នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូធុរជនអាម៉េរិក អំពីស្ថិរភាព កំណើនសេដ្ឋកិច្ច និងសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាបានកំពុងជួបប្រទះ ដែលទាមទារឱ្យមានការចូលរួមវិនិយោគពីផ្នែកឯកជន ដើម្បីធ្វើទំនើបកម្ម និងប្រែក្លាយវិស័យមួយនេះ ឱ្យទៅមូលដ្ឋានផលិតកម្មសំខាន់ សំដៅធ្វើពិពិធកម្ម ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើធុរកិច្ចនៅកម្ពុជា និងបាន ជម្រាបជូនភាគីអាម៉េរិកអំពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះវិនិ យោគិនបរទេស ដូចជាការអនុគ្រោះពន្ធនាំចូលសម្រាប់សម្ភារ និងគ្រឿងបរិក្ខារកសិកម្ម និងការសម្រួលការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្តល់ ដោយប្រទេសជាដៃគូរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តប្រតិភូធុរជនអាម៉េរិក ចាប់ដៃគូ ជាមួយធុរជនកម្ពុជា ដើម្បីវិនិយោគរួមគ្នាលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈ ការនាំយកបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម សំដៅបង្កើនតម្លៃបន្ថែម និងបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិស័យឯកជន និងលើកស្ទួយការ អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម វីល្លាម ហ៊ីដ និង លោក អេឡែន ឌី តាន់ ព្រមទាំង គណៈប្រតិភូធុរជនអាម៉េរិក បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែក រំលែកនូវព័ត៌មានល្អៗ ទាក់ទិនឱកាសវិនិយោគលើផ្នែកកសិកម្ម និងកសិ-ពាណិជ្ជកម្ម។ ឯកឧត្តម វីល្លាម ហ៊ីដ បានសន្យាជួយសម្របសម្រួលការចាប់ដៃគូធុរកិច្ចរបស់វិស័យ ឯកជននៃប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពជួយគាំទ្រការអភិវឌ្ឍសមត្ថភាព ដល់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ជុំវិញការអភិវឌ្ឍខ្សែសង្វាក់តម្លៃ កសិផលកម្ពុជា និងការធ្វើពិពិធកម្មវិស័យនាំចេញ។ ម្យ៉ាងទៀត ភាគីអាម៉េរិក ក៏មានបំណង ប្រែក្លាយកម្ពុជាឱ្យដើរតួនាទីសំខាន់ក្នុងការផលិត និងចែកចាយផលិតផលកសិកម្ម ទាំងក្នុងតំបន់ និងទីផ្សារពិភពលោក៕

ដោយ សាយ សុន