សម្តេចតេជោនាយករដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី សាធារណរដ្ឋកូរ៉េនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ — ក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធាន រដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ណាក់យ៉ុន (Lee Nak Yeon) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ជំនួបពិភាក្សាការងារទ្វេភាគីគ្នានេះ គឺឆ្លើយតបតាមសំណើ របស់ឯកឧត្តមប្រធានាធិបតី ម៉ូ ជីអ៊ិន ក្នុងការស្នើសុំឱ្យឯកឧត្តមនាយករដ្ឋមន្រ្តី លី ណាក់យ៉ុន អញ្ជើញជួបសម្ដែងការគួរសមដោយផ្ទាល់ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបានថ្លែងនូវសារផ្ទាល់មាត់ ពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តី លី ណាក់យ៉ុន បានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងមក។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេ ភាគី ដែលបង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានអាយុកាលជាង២១ឆ្នាំ កន្លងមក។ ក្នុងនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ដែលមានរយៈពេលជាង២១ឆ្នាំកន្លងមក។  តាមរយៈជំនួបពិភាក្សា ទ្វេភាគីនោះដែរ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិក្តទុកដាក់បំផុត និងមានការទទួលខុសត្រូវខ្ពស់ ជុំវិញការធ្វើឱ្យកាន់តែ ប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគី ការពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ។សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវអំណរគុណរាល់ជំនួយឧបត្ថម្ភ ទាំងអស់ របស់សាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ ប្រទេសកម្ពុជាឡើងវិញ ពិសេសការទទួលយកពលករកម្ពុជា ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះមានចំនួនប្រមាណ៦ម៉ឺននាក់ ក្នុងប្រទេសកូរ៉េ។ សម្តេចតេជោ បន្តថា ប្រទេសទាំងពីរ គឺជាប្រទេសដន្លងនឹងគ្នា ដោយសារតែបុរសកូរ៉េ បានរៀបការជា មួយនឹងនារីកម្ពុជា និងបានបង្កើតកូនដែលអាចនិយាយភាសាទាំងកម្ពុជា និងកូរ៉េ បាន។

សម្តេចតេជោក៏បានអំពាវនាវឱ្យប្រទេសកូរ៉េ បន្តជួយដល់កម្ពុជា ពិសេសលើគម្រោងមួយ ចំនួនដែលបានចុះហត្ថលេខារួចហើយ ក្នុងនោះរួមទាំងការពន្លឿនដល់កសាងឡើងវិញ កំណាត់ផ្លូវជាតិលេខ៤៨ ដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិទឹកជំនន់។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ភាគីកូរ៉េ ពិនិត្យលទ្ធភាពជួយទិញ និងនាំចូលកសិផលពីប្រទេសកម្ពុជា ទៅកាន់កូរ៉េឱ្យបានច្រើនថែមទៀត។ សម្តេចតេជោបានបន្តទៀតថា ក្នុងភាពជាដៃគូកម្ពុជាបានគាំទ្រដល់ការប្រារព្ធខួបនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខ នៅសាធារណរដ្ឋកូរ៉េ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏មានបំណងចង់ឱ្យវេទិកាមេគង្គ-សាធារណរដ្ឋកូរ៉េ ក្លាយ ជាវេទិកា សម្រាប់ថ្នាក់ដឹកនាំកំពូល ដូចអ្វីដែលប្រទេសមេគង្គធ្លាប់បានធ្វើជាមួយនឹងប្រទេស ជប៉ុន និងចិន ជាដើម។ សម្តេចក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតី កូរ៉េ ក្នុងការបែឆ្ពោះទៅទិសខាងត្បូង។

ឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េក៏បានថ្លែងនូវអំណរគុណ ជូនចំពោះសម្តេចតេជោដែល បានគាំទ្រដល់ការប្រារព្ធខួបអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ខាងមុខ នៅប្រទេសកូរ៉េ និងបានស្នើសុំសម្តេចជួយកៀរគរដល់បណ្តាមេដឹកនាំអាស៊ានដទៃទៀត ដើម្បីឱ្យកិច្ចប្រជុំកំ ពូលរម្លឹកខួបចេញជារូបរាងពិតប្រាកដ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ពីការលើកកម្រិត នៃ កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ និងអរគុណសម្តេចដែលបានជួយសម្របសម្រួល ក្នុង ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងពេលកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានគោរពអញ្ជើញ ទៅបំពេញទស្សនកិច្ចក្នុងប្រទេសរៀងៗខ្លួនផងដែរ។

នៅចំពោះមុខ ឯកឧត្តមនាយករដ្ឋមន្រ្តីកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសគាំទ្រនិងអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងនាមជាមេដឹកនាំអាស៊ានមួយរូប ចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត នៃជំនួបកំពូលលើកទីពីរ រវាងឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូ ជិនអ៊ិន ជាមួយនឹងឯកឧត្តមប្រធានាធិបតីកូរ៉េ ខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង ដែលនាំដល់ភាពធូរស្រាល នៅឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់ និងសម្រាប់ពិភពលោកទាំងមូលផងដែរ៕

ដោយ ជឹម ណារី